កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព
(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា ។
នេះបើយោងតាមលទ្ធផលនៃជំនួបរវាងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលទើបនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មីប្រចាំកម្ពុជា និងបានជូនពរឯកឧត្តម ឱ្យការបំពេញបេសកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានស្នើក្រសួងផ្តល់ការជួយគាំទ្រ និងកិច្ចសហការជិតស្និទ្ធនៅក្នុងអាណត្តិការទូតរបស់ឯឧត្តម ។
ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ដែលបានបន្តរីកចម្រើនជាលំដាប់ លើវិស័យជាច្រើន និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា ។
ភាគីកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការជិតស្និទ្ធ ជាមួយភាគីឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ៕

ដោយ ៖ វណ្ណលុក