មន្ត្រីក្រសួងយុត្តិធម៌ ៖ ទណ្ឌិត ៥៣៨ នាក់ ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់លើបណ្ដាញសង្គមថា ក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨នាក់ (ស្រី ៤៣ នាក់) ក្នុងនោះមាន៖ ការបន្ថយទោស ៣ ខែ ចំនួន ៣៩១នាក់ (ស្រី ៣១ នាក់), ការបន្ថយទោស ៦ ខែ ចំនួន ១៣២នាក់ (ស្រី ១០ នាក់), ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់), ការបន្ថយទោស ១២ ខែ ចំនួន ០១នាក់ ( ស្រី ០០ នាក់), ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១នាក់ ( ស្រី ០០ នាក់), លើកលែងទោស ស្ត្រី០១នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។

ជាមួយគ្នានេះ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណា ទាក់ទងនឹងទណ្ឌិត ដែលបានប្រព្រឹត្តអំពើដូចខាងក្រោម ៖

១ ៖ ចំពោះបទល្មើសទូទៅ មានដូចជា៖ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ ។

២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ ដូចជា៖ ជនរងគ្រោះជាអនីតិជនអាយុក្រោម ១៤ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះ ជាសាច់សាលោហិត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner