ក្រសួងសុខាភិបាលរៀបចំទីតាំងជម្រកតង់សុខភាពចំនួន១០ទីតាំង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានចុះពិនិត្យទីតាំងជម្រកតង់សុខភាព នៅតាមបណ្តាគោលដៅ ទាំង១០ ដើម្បីត្រៀមលក្ខណៈក្នុងការផ្តល់សេវាសុខាភិបាល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីររសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពក្រសួងសុខាភិបាល បានឱ្យដឹងថា ឯកឧត្តម ឈាង រ៉ា បានចុះពិនិត្យទីតាំងជម្រកតង់សុខភាព ចំនួន ១០ទីតាំង នៅតាមបណ្តាគោលដៅនានា ដើម្បីត្រៀមលក្ខណៈក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដែលចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។

ជម្រកតង់សុខភាពនៅទីតាំងទាំង១០រួមមាន៖ ១. អគារ L កោះពេជ្រ, ២. ស្តុបមិត្តភាពកម្ពុជា វៀតណាម, ៣. មុខនាយកដ្ឋានអង្គរក្ស, ៤. មុខគណៈកម្មាធិការបុណ្យជាតិ, ៥. នៅក្បែររបងសាលចតុមុខ, ៦. នៅមុខវាលមេរុ, ៧. ព្រះគម្លង់, ៨.មុខកប៉ាល់ទីតានិក, ៩. ទីលានប្រជាធិបតេយ្យ និងទីតាំងទី១០. OCIC ខាងជើងរង្វង់មូលនាងមច្ឆា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង, រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។
ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕



ដោយ៖នាង សុគន្ធា