ស្រោមអនាម័យប្រមាណ១០ម៉ឺនស្រោម ចែកជូនដោយឥតគិតថ្លៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ក្រសួងសុខាភិបាលបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា កម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំនេះ មានការចូលរួមពី លោក ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រួមនិងអង្គការដៃគូ។
ក្រសួងបានបន្តថាបញ្ជាក់ថា ៖ «ដោយទទួលការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ឈាង រ៉ា នៅទីធ្លាក្រុងរណបជ្រោយចង្វារ (OCIC) ក្រសួងបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក»។

ក្រសួងបានលើកឡើងដែរថា យុទ្ធនាការផ្សេព្វផ្សាយអប់រំក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបចំជាស្តង់ និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកជូនអាវយឺត ចែកទឹករំអិល និងស្រោមអនាម័យដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយអប់រំនេះ បានរៀបចំធ្វើនៅពីរទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅទីធ្លាក្រុងរណបជ្រោយចង្វារ OCIC ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា រៀបចំដោយក្រសួងសុខាភិបាល, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការដៃគូរួមមាន KHANA, MHC, CWPD & AHF។
ចំណែកទីតាំង ទី២ នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្កការដៃគូរួមមាន KHANA, AHF, MHC, CWPD & RHAC៕


ដោយ៖នាង សុគន្ធា