កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បើកកិច្ចពិភាក្សារិះរកមធ្យបាយ ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥
ភ្នំពេញ៖កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ,អង្គការយូអិនអេដស៍ប្រចាំប្រទេសកម្ពុជា រួមនឹងអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងតំណាងរបស់យុវជន បានបើកកិច្ចពិភាក្សាជាមួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាតិឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥។
កិច្ចពិភាក្សាស្តីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ បានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជាតាមរយៈប្រព័ន្ធហ្វេសប៊ុក។
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិ ន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងថា កិច្ចពិភាក្សានេះ ក៏ដើម្បីចូលរួមអបអរសមិទ្ធផល ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ឈានឆ្ពោះទៅការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០២៥។
លោកជំទាវបានមានប្រសាសន៍ថា ៖ «វេទិកានេះ ក៏ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍»។
ជាមួយគ្នានោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានលើកឡើងដែរថា អ្វីដែលភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ គឺការបើកលំហសេរីភាពពេញលេញក្នុងការចូលរួមប្រយុទ្ធទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ប្រកបទៅដោយសមភាព និងបរិយាបន្ន ពីគ្រប់ដៃគូពាក់ព័ន្ធនានា។
លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា ៖ «ម្យ៉ាងវិញទៀត ការកសាងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍សមត្ថភាពរបស់សហគមន៍ ដែលរងគ្រោះដោយសារមេរោគអេដស៍ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥»។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាព និងវឌ្ឍនភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឯកឧត្តម អៀង ម៉ូលី បានឱ្យដឹងថា កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១,៤០០នាក់ក្នុងឆ្នាំដែលមានន័យថា មនុស្ស៤នាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។
លោកបានថ្លែងថា ៖ «កម្ពុជា ចង់ឱ្យអត្រាអ្នកឆ្លងជំងឺអេដស៍ម្នាក់ក្នុង១ថ្ងៃ ឬ៣៦៥នាក់ក្នុង១ឆ្នាំ ឬទាបជាងនេះ ដើម្បីសម្រេចគោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥។ កម្ពុជា ស្ទើរតែសម្រេចគោលដៅ ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយ ក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ តាមការកំណត់របស់អង្គការសហប្រជាជាតិ។ ក្នុងចំណោមគោលដៅ ៩៥ ចំនួនបី គឺកម្ពុជា សម្រេចបានពីរហើយ ពោលគឺនៅសល់តែមួយប៉ុណ្ណោះ»។
បើតាមឯកឧត្តម អៀង ម៉ូលី បានបញ្ជាក់ថា ៩៥ទីមួយ មានន័យថា ៩៥ភាគរយ ក្នុងចំណោមអ្នកសង្ស័យផ្ទុកមេរោគអេដស៍បានធ្វើតេស្តឈាមប្រាកដថាខ្លួនមានផ្ទុកមេរោគអេដស៍ តែកម្ពុជាទើបតែបាន ៨៦ភាគរយប៉ុណ្ណោះ, ៩៥ ទីពីរ មានន័យថាអ្នកផ្ទុកមេរោគអេដស៍បានទទួលសេវាថែទាំព្យាបាល ដែលកម្ពុជាសម្រេចបានរហូតដល់ ៩៩ភាគរយ និង៩៥ទីបី ជាប្រសិទ្ធភាពនៃសេវាព្យាបាល ដែលធ្វើអ្នកផ្ទុកមេរោគអេដស៍លែងចម្លងទៅអ្នកដ៏ទៃទៀតបាន គឺកម្ពុជាសម្រេចបាន ៩៨ភាគរយ។
«ដូច្នេះ កម្ពុជានៅមិនទាន់សម្រេចគោលដៅ៩៥ ទីមួយ ក្នុងការជំរុញឱ្យអ្នកមានការសង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍នៅឡើយ ខណៈអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាប្រមាណ ១២ ០០០នាក់ លាក់មុខ មិនមកធ្វើតេស្តបញ្ជាក់ពីស្ថានភាព និងមិនមកទទួលសេវាព្យាបាលនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម អៀង ម៉ូលី។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអះអាងថា ខ្លួនបាននិងកំពុងជំរុញដល់អ្នកសង្ស័យមកធ្វើតេស្តឈាម និងលើកទឹកអ្នកផ្ទុកមេរោគអេដស៍ទាំង ១២ ០០០នាក់ មកទទួលសេវាព្យាបាល ដើម្បីបញ្ចៀសការចម្លងទៅកាន់អ្នកដទៃ។
សូមជម្រាបថា កម្ពុជានឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» នៅថ្ងៃទី៣០ ខែវិច្ឆិកា នាវិមានសន្តិភាព។ នៅថ្ងៃទី២៦-២៨ ខែវិច្ឆិកា ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នឹងមានការប្រគំតន្ត្រីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ នៅរមណីយដ្ឋានវត្តភ្នំ, នៅថ្ងៃទី១ធ្នូ មានការប្រគុំតន្ត្រីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅផ្លូវវេងស្រេង និងនៅថ្ងៃទី២ធ្នូ មានយុទ្ធនាការរត់ប្រណាំងអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅភ្នំពេញផងដែរ៕
ដោយ៖វណ្ណ សុជាតា


