រដ្ឋមន្រ្តីកិច្ចការនារី៖ កម្ពុជា បានប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យធ្លាក់ដល់កម្រិតទាប បំផុតនៅឆ្នាំ២០៣០

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងថា ប្រទេសកម្ពុជា​បាន​ប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទា​ក់ទ​ងនឹងយេនឌ័រ ឱ្យធ្លាក់ដល់កម្រិតទាប បំផុតនៅឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងប្រទេសជាង ១៨០ ប្រទេសបានធ្វើការប្តេជ្ញាចិត្ត នៅឯសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍នៅ​ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កា​ល​ពីចុងឆ្នាំ២០១៩។

លោកជំទាវបានថ្លែងបែបនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «​រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី» នៅវិទ្យាល័យកំបូល ក្នុងខ​ណ្ឌកំបូល រាជធានីភ្នំពេញ។

លោកជំទាវបានបញ្ជាក់ថា ៖ «​ការប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យធ្លាក់ដល់ក​ម្រិ​តទាប​បំផុតនៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងប្រទេសជាង១៨០ គឺប្តេជ្ញាសម្រេចឱ្យបានសូន្យចំ​នួ​នបីនៅឆ្នាំ២០៣០គឺ ទី១.ការលុបបំបាត់អត្រាមរណភាពមាតាដែលអាចការពារ, ទី២.ការលុបបំបាត់នូវតម្រូវការមធ្យោ​បាយពន្យារកំណើតដែលមិនបានសម្រេច និងទី៣.ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»។

លោកជំទាវបានបន្ថែមថា ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យ មាន​យន្តការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រគ្រប់កម្រិត និងបានដាក់ចេញនូវក្របខណ្ឌច្បាប់ គោលនយោ​បា​យ ផែនការសកម្មភាព លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីជាច្រើន ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសមត្ថភាពអ្នកផ្តល់សេ​វាក្នុងការឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ។

សូមជម្រាបថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលពិភពលោក ក៏ដូចជា​កម្ពុជា​តែងតែរៀ​បចំជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។  

យុទ្ធនាការ១៦ថ្ងៃនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម ដែលជាសកម្មភាពអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមសកម្មភាពអាទិភាពជាច្រើនដែលត្រូវចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រីគ្រប់ទម្រង់ និងជាសកម្មភាពមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និងក្មេងស្រី និងផែន​កា​រយុទ្ធសាស្ត្រនារីរតនៈទី៥ និងយុទ្ធសាស្ត្រទី១ ការបង្ការទប់ស្កាត់ នៃផែនការសកម្មភាពជាតិស្ដីពីការ ទប់ស្កាត់អំពើហិង្សា​លើស្ត្រីលើកទី៣ ឆ្នាំ២០១៩-២០២៣៕

ដោយ៖​វណ្ណ សុជាតា

ads banner