អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជំងឺអុតស្វានៅកុងហ្គោ
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីចុងសប្តាហ៍មុន បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកានេះ ប្រទេសកុងហ្គោបានកត់ត្រាករណីឆ្លងជំងឺអុតស្វា ឬ (Mpox) ចំនួន ១២,៥៦៩ករណី និងស្លាប់ដោយសារវីរុសនេះចំនួន ៥៨១នាក់ ដែលនេះជាតួលេខប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ខេត្តចំនួន ៤ ក្នុងចំណោមខេត្តទាំង ២៦ របស់ប្រទេសកុងហ្គោ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាថ្មីៗ នៅក្នុងតំបន់ភូមិសាស្រ្តដែលមិនធ្លាប់មានពីមុន ក្នុងនោះមានខេត្ត Kinshasa, Lualaba និង South Kivu។
ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) ក៏មានការព្រួយបារម្ភផងដែរ អំពីលទ្ធភាពផ្ទុះវីរុសបម្លែងខ្លួនថ្មី និងថា ខ្លួនកំពុងធ្វើការជាមួយក្រសួងសុខាភិបាលកុងហ្គោ ដើម្បីវាយតម្លៃស្ថានភាព។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការរាតត្បាតជាសកលនៃជំងឺអុតស្វា បានកើតមានជាចម្បងលើបុរសរួមភេទជាមួយបុរស និងអ្នកមានដៃគូរួមភេទច្រើន។
វត្ថុដែលមានមេរោគក៏អាចចម្លងជំងឺនេះបានដែរ។ រោគសញ្ញាដំបូង គឺគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង ក្នុងអំឡុងពេល ៥ថ្ងៃ។ កន្ទួលលេចឡើងជាបន្តបន្ទាប់នៅលើមុខ បាតដៃ និងបាតជើង បន្ទាប់មកមានដំបៅ និងចុងក្រោយមានស្នាម។ ជំងឺអុតស្វានេះ ជាធម្មតាជាសះស្បើយដោយខ្លួនឯងបន្ទាប់ពីពីរទៅបួនសប្តាហ៍។
វាធ្ងន់ធ្ងរបំផុតចំពោះកុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ WHO បានបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វាសរុបចំនួន ៩១.៧៨៨ករណី និងស្លាប់ចំនួន ១៦៧នាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេស និងដែនដីសរុបចំនួន ១១៦ ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា