ការបំពុលខ្យល់អាកាស សម្លាប់មនុស្សជាង ២៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២១
ស្តុកខុល៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានឱ្យដឹងថា ការបំពុលខ្យល់អាកាសបានបណ្តាលឱ្យមនុស្សប្រមាណជាង ២៥០,០០០នាក់បាត់បង់ជីវិតនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១។
ភាគល្អិតធូលី ឬ PM2.5 ជាទូទៅ កើតចេញពីផ្សែងរថយន្ត ឬរោងចក្រថាមពលធ្យូងថ្ម។ ទំហំដ៏តូចរបស់ PM2.5 អាចធ្វើឱ្យពួកវាចូលជ្រៅទៅក្នុងផ្លូវដង្ហើម ដែលនាំឱ្យមានហានិភ័យបង្កជាជំងឺរលាកទងសួត ជំងឺហឺត និងជំងឺសួតកាន់តែអាក្រក់ទៅៗ។
ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) និយាយថា យោងតាមការប៉ាន់ស្មានចុងក្រោយរបស់ EEA បង្ហាញថា យ៉ាងហោចណាស់មនុស្សប្រមាណ ២៥៣,០០០នាក់បានស្លាប់នៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយសារការបំពុលខ្យល់កើនដល់កម្រិត PM2.5 ដែលជាកម្រិតគ្រោះថ្នាក់ដល់ផ្លូវដង្ហើមរបស់មនុស្ស។
តួលេខនេះបង្ហាញពីការស្លាប់កើនឡើង បើធៀបនឹងឆ្នាំ២០២០ នៅពេលដែលការបំពុលខ្យល់អាកាសត្រូវបានគេសន្មត់ថា ជាការស្លាប់មុនអាយុរបស់មនុស្សប្រមាណ ២៣៨,០០០នាក់។
ទោះបីជាយ៉ាងណា ទីភ្នាក់ងារ EEA បានគូសបញ្ជាក់ថា ការស្លាប់របស់មនុស្សទាំងនោះ អាចជៀសវាងបាន បើសិនអនុវត្តតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) និងថា ការបំពុលខ្យល់អាកាសនៅតែជាការគំរាមកំហែងបរិស្ថានដ៏ធំបំផុត ចំពោះសុខភាពរបស់ប្រជាជនអឺរ៉ុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា