សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ រយៈពេល៣ឆ្នាំ
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុក និងតេលេក្រាមផ្លូវការ នាព្រលប់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល៣ឆ្នាំមក។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១។ ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះអស់រយៈពេល៣ឆ្នាំមក។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ ។
សម្ដេចតេជោបានបន្តថា ក្រៅពីការទស្សនាការប្រណាំងទូក ង នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។ ទន្ទឹមនឹងការកម្សាន្តប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះក្រោមម្លប់សុខសន្តិភាពផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន ៕
ដោយ ៖ វណ្ណលុក