ថ្ងៃបេីកឆាកដំបូង ៖ គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅគ.ជ.ប
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ ដែលជាថ្ងៃបេីកឆាកដំបូងនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់ AMS អោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយដាក់គ្រប់ទាំង៨ភូមិភាគ។
តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ។
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។
អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុ ៤០ (សែសិប) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
- បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល ចំនួន ២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប
- មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
- មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការអនុវត្តសិទ្ធិបោះឆ្នោតខាងលើ ត្រូវបានកំណត់យកត្រឹមការបោះឆ្នោតជាសកលមួយលើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោ បាយនៅក្រសួងមហាផ្ទៃរួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។
គ.ជ.ប បានបន្តថា ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៥.៨.៣.៤ និងចំណុច ៥.៨.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដូចខាងក្រោម ៖
១. ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
គណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ ក្នុងន័យនេះត្រូវកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ១៩ (ដប់ប្រាំបួន) រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្ដល់ជូន។
២. ការបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល
គណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមានភ្ជាប់មកក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅអគ្គនាយកដ្ឋានរតនាគារជាតិអំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយបង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិលេខ ០០០០០០០០១១១១)។ បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្សនយោបាយត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពីអគ្គនាយកដ្ឋានរតនាគារជាតិ)៕