រដ្ឋមន្រ្តីរ៉ែ ៖ ក្រុមហ៊ុនអូស្ត្រាលីដែលកំពុងជីករករ៉ែមាសនៅមណ្ឌលគិរី ចង់ពង្រីកវិនិយោគទៅកាន់ខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរ៉ែមាស   Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងវេទិកាពិភាក្សាគោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា កាលពីសប្តាហ៍មុន ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ការរុករ៉ែមាសនៅកម្ពុជា អាទិភាពធំ គឺនៅខេត្តមណ្ឌលគិរី ដោយបច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) កំពុងតែផ្តល់ការងារជាង២០០កន្លែង ដល់ពលរដ្ឋនៅតំបន់ ដែលមានប្រាក់បៀវត្សសមរម្យ មានធានារ៉ាប់រងត្រឹមត្រូវ និងបានបង់ពន្ធរាប់លានដុល្លារចូលជាតិ។

ឯកឧត្តម បន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ ។ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។
ឯកឧត្តម បានបន្ថែមថា នៅពេលដែលក្រុមហ៊ុនវិនិយោគរ៉ែមួយ អនុវត្តបានត្រឹមត្រូវ តាមការកំណត់របស់ច្បាប់ ក្រសួងនឹងផ្តល់ការគាំពារនិងគាំទ្រយ៉ាងខ្លាំងក្លា ខណៈដែលក្រុមហ៊ុនណាដែលអនុវត្តមិនមានតុល្យភាព ប៉ះពាល់បរិស្ថាន និងមិនគោរពច្បាប់ ក្រសួងមានចំណាត់ការក្នុងការបិទអាជីវកម្មនោះ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។
«ឆ្លងកាត់ការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំ ទើបក្រុមហ៊ុន Renaissance Minerals របស់ប្រទេសអូស្ត្រាលី សម្រេចចិត្តបោះទុនវិនិយោគ។ការសិក្សាកន្លងមកស្ថិតនៅលើផ្ទៃដីធំ ប៉ុន្តែក្រុមហ៊ុននេះ បានបង្រួមផ្ទៃដីរុករកវិញ ក្រោយពីគេបានសិក្សាយ៉ាងល្អិតល្អន់»។លោកបានបញ្ជាក់បន្ថែម។
បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស ៩០ ភាគរយ ដើម្បី ដឹកចេញទៅ ក្រៅប្រទេស ដើម្បី បន្សុទ្ធ ទៅជា មាស ៩៩,៩៩ ភាគរយ ឬ ខ្មែរ យើង ហៅថា មាស ទឹក ១០ ។

រាជរដ្ឋាភិបាលអាណត្តិទី៦ ធ្លាប់បានរំពឹងថា អាជីវកម្មរ៉ែមាស បានផ្តល់ ចំណូល ដុល មធ្យម ១៨៥ លានដុល្លារ ក្នុង ១ឆ្នាំ ក្នុងនោះ ចំណូល ថវិកាជាតិ ពី សួយ សារ និង សារពើពន្ធ ផ្សេងៗជាមធ្យម ៤០លានដុល្លារ ក្នុងមួយឆ្នាំ ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។
ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១មកម្លេះ៕

ដោយ៖ វណ្ណ សុជាតា

ads banner