មន្ត្រី៖ មិនមានក្តីព្រួយបារម្ភពីបញ្ហាគ្រឿងញៀននៅក្នុងព្រះរាជពិធីបុណ្យអុំទូកឡើយ ប៉ុន្តែសមត្ថកិច្ចនៅតែយកចិត្តទុកដាក់ខ្ពស់

អត្ថបទដោយ៖
CPA

(ភ្នំពេញ) ៖ ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា លោកមិនសូវមានការព្រួយបារម្ភច្រើនឡើយពីបញ្ហានិងហានិភ័យគ្រឿងញៀនដែលអាចកើតមាននៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក នាភូមិសាស្ត្ររាជធានីភ្នំពេញនេះ ប៉ុន្តែសមត្ថកិច្ចនិងមន្ត្រីជំនាញនៅតែយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់គ្រឿងញៀននៅតាមមូលដ្ឋាននិងគោលដៅរៀងៗខ្លួន។

ឯកឧត្តមថ្លែងបែបនេះ តាមរយៈការផ្តល់បទសម្ភាសជូនទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំ២០២៣ នៅបរិវេណខាងមុខព្រះបរមរាជវាំង។

ឯកឧត្តម មាស វិរិទ្ធ អះអាងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមានក្តីបារម្ភចំពោះហានិភ័យគ្រឿងញៀននៅទីតាំងមនុស្សកុះករនៅអំឡុងពិធីបុណ្យអុំទូក ជាពិសេសនៅភូមិសាស្រ្តរាជធានីភ្នំពេញដោយសារប្រជាពលរដ្ឋដើរកម្សាន្តក្នុងន័យបង្កើតបរិយាកាសសប្បាយរីករាយ។

ទោះជាយ៉ាងណា ឯកឧត្តម ថា មន្ត្រីនិងសមត្ថកិច្ចនៅតែបង្កើនការយកចិត្តទុកបង្ការនិងទប់ស្កាត់ការជួញដូរ ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនេះដដែលនៅតាមមូលដ្ឋាន និងគោដៅរៀងៗខ្លួន ជាពិសេសការទប់ស្កាត់នូវលំហូរគ្រឿងញៀនតាមរយៈច្រកព្រំដែនដើម្បីកាត់ផ្តាច់ទីផ្សារគ្រឿងញៀនចូលមកកម្ពុជា។

ឯកឧត្តម បន្តថា៖«រាជរដ្ឋាភិបាល ជាពិសេសប្រមុខអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នេត សាវឿន អំពាវនាវឱ្យប្រជាពលរដ្ឋចួលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលពលរដ្ឋអាចរាយការណ៍មកកាន់សមត្ថកិច្ច ពេលឃើញមានបទល្មើសគ្រឿងញៀនតាមរយៈប្រព័ន្ធ Hotline លេខ ១២៣៣ ដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទចល័ត»។
 
ឯកឧត្តម គូសបញ្ជាក់ថា បញ្ហាប្រឆាំងបទល្មើសគ្រឿងញៀននេះ ទាមទារជាចាំបាច់នូវការចូលរួមពីរង្វង់ប្រជាពលរដ្ឋក្រោមពាក្យស្លោក ៣កុំ ១រាយការណ៍ ហើយដែលសហគមន៍អាចសុខសាន្តទៅបានលុះត្រា គ្មានក្មេងទំនើង គ្មានបងតូចបងធំ គ្មានការជួញដូរ និងប្រើប្រាស់សារធាតុញៀន។

ឯកឧត្តម បន្ថែមថា បញ្ហាគ្រឿងញៀនជារឿងសំខាន់មួយដែលរដ្ឋាភិបាលមានគោលដៅឱ្យប្រជាពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន ដែលលោកបានផ្តាំផ្ញើឱ្យពលរដ្ឋបដិសេធនិងឆ្លើយថាទេចំពោះគ្រឿងញៀនដើម្បីជោគវាសនាជាតិនិងអ្នកជំនាន់ក្រោយ ខណៈរដ្ឋាភិបាលបានខិតខំស្វែងរកសន្តិភាពជូនរួចហើយ។
គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំក្បួនព្យុះហយាត្រាផ្សព្វផ្សាយអប់រំពីឥទ្ធិពលគ្រឿងញៀនដល់សារធារណជនដែលដើរលេងកម្សាន្តនៅបរិរេណមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលមានរៀបចំប្រណាំងទូក។ ក្បួននេះដឹកនាំដោយលោកមាស វិរិទ្ធ សហការជាមួយយុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង ខាណា និងHACC។

សារក្នុងក្បួននេះមានដូចជា ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់,  ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ និងអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ។

ពាក់ព័ន្ធនឹងបញ្ហានេះ  លោក យ៉ង់ គឹមអេង ប្រធាន មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និង សន្តិភាព ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលអាចកើតមានជាយថាហេតុដោយសារឧក្រិដ្ឋជនអាចនឹងឆ្លៀតឱកាសប្រើ ប្រាស់ព្រះពិធីបុណ្យអុំទូកនេះដើម្បីចរាចរណ៍គ្រឿងញៀន ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

លោកបន្តថា៖«ជាទូទៅ យើងឃើញថាការយកចិត្តទុកដាក់លើសណ្តាប់ធ្នាប់ ចរាចរណ៍អី អាជ្ញាធរបានខិតខំពង្រឹង ប៉ុន្តែដោយឡែក បញ្ហាគ្រឿងញៀននេះ ដូចជាមិនមានការត្រួតពិនិត្យអ្វីច្រើន និងតឹងរឹងឡើយ នៅក្នុងពិធីបុណ្យនេះ ។

ជាមួយគ្នានេះ លោក គិមអេង អំពាវនាវដល់អាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យឱ្យបានម៉ត់ចត់ចំពោះបញ្ហាគ្រឿងញៀន កុំឱ្យឧក្រិដ្ឋជនអាចឆ្លៀតចែកចាយគ្រឿងញៀនបាន ចៀសវាងបង្កបញ្ហាទៅថ្ងៃក្រោយ ៕

 ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner