កម្ពុជា-ថៃ បង្ហាញឆន្ទៈក្នុងការបន្តកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទ្វេភាគី

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងាររវាងអនុប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្សរបស់កម្ពុជា និង លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងអភិវឌ្ឍន៍សង្គម និង សន្តិសុខ របស់ ថៃ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការបន្តកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរ។
ជំនួបពិភាក្សាគ្នានេះ បានធ្វើឡើងស្របពេល លោកជំទាវ ជូ ប៊ុនអេង អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទៅចូលរួម សន្និសីទ ថ្នាក់តំបន់ ស្ដីពី អំពើពុករលួយ ពាក់ព័ន្ធនឹងអំពើជួញ ដូរមនុស្ស (TIP) និង អំពើរត់ពន្ធជន ទេសន្តរប្រវេសន៍ (SOM) ដែលបានប្រព្រឹត្តទៅចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ ។

លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងតាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ថា ក្រៅពីចូលរួមសន្និសីទ លោកស្រីក៏មាន ជំនួប ពិភាក្សា ជា មួយ លោក Anukul Peedkaev លេខាធិការ អចិន្ត្រៃយ៍ នៃ ក្រសួង អភិវឌ្ឍន៍សង្គម និង សន្តិសុខ និង ជា មួយ តំណាងស្ថាប័ន កម្មវិធី ធានារ៉ាប់រង សុខភាព Migration-Fund (M-Fund) របស់ប្រ ទេស ថៃផងដែរ ។

លោកជំទាវ បន្តថា ក្នុងជំនួបនេះភាគីទាំងពីរ បានធ្វើការពិភាក្សា ទៅលើ ការពន្លឿនបញ្ចប់ ឯកសារ នីតិវិធីប្រតិបត្តិបទដ្ឋាន ក្នុងការកំណត់ អត្ត សញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស (SOP) និង ពិនិត្យបន្ថែម លើ អនុស្សរណៈ (MOU)។

លោកជំទាវ បញ្ជាក់ថា៖ « ទាំងភាគី កម្ពុជា និងថៃ បានសន្មត់ថា ជួបគ្នា នៅត្រីមាស ទី ១ ខែមករា ឆ្នាំ២០២៤ ក្នុងការបន្តកិច្ចសហការគ្នាបន្ថែមទៀត ទៅលើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ។ ក្នុងនោះដែរទាំងភាគីកម្ពុជា និងភាគីថៃ គឺសុទ្ធតែមានឆន្ទៈក្នុងកិច្ចសហការគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»។
បើ តាម លោកស្រី ជូ ប៊ុនអេង សន្និសីទ ថ្នាក់តំបន់ ខាងលើ បាន រៀបចំឡើង ក្នុងគោលបំណងដើម្បី ចែករំលែកបទពិសោធន៍ ការអនុវត្ត ល្អៗស្វែងរកដំណោះស្រាយនានា ពី ភាគីពាក់ព័ន្ធរួមមាន សកម្មភាព របស់រាជរដ្ឋាភិបាល វិស័យ ឯកជន និង អង្គការសង្គមស៊ីវិល ដើម្បីទទួល បានចំណេះដឹងថ្មីៗ ។
សន្និសីទនេះ ក៏មានគោល បំណង ជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធ សំខាន់ៗ នៅក្នុងតំបន់ដើម្បីបង្កើត អនុសាសន៍ និង មធ្យោបាយ ឆ្ពោះ ទៅមុខដើម្បីលើកកម្ពស់វិធានការ ពុករលួយដែលមានប្រសិទ្ធភាព និង ពាក់ព័ន្ធបន្ថែមទៀត នៅក្នុងបរិបទ នៃការជួញដូរមនុស្សនិង ឧក្រិដ្ឋកម្ម រត់ពន្ធជនចំណាកស្រុក ។

ក្នុងសន្និសីទនេះដែរ លោកស្រី ក៏បានផ្ដល់អនុសាសន៍ ក្នុង ការ ពិនិត្យមើលការបញ្ចូលច្បាប់ ប្រឆាំង ការ ជួញដូរ និង ច្បាប់ប្រឆាំងអំពើពុករលួយ សម្អាតប្រាក់ ដោយ ត្រូវដាក់ចូល ក្នុងផែនការជាតិ និង បន្ថែមសមាជិកគណៈ កម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពី ស្ថាប័នដែលពាក់ព័ន្ធ ។

ទាក់ទងរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការការពារសិទ្ធិ មនុស្សលីកាដូ បានឱ្យដឹងថា ការបន្តកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាង ទៅលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺវាជារឿងសំខាន់ ពីព្រោះ បញ្ហា ជួញ ដូរ មនុស្ស ក្នុង ប្រទេស កម្ពុជា ត្រូវបានប្រទេសមហាអំណាច និងអង្គការអន្តរជាតិ បានចាត់ទុកកម្ពុជា ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់មួយដែលមិ នល្អ ។

លោកថ្លែងថា៖ «នៅពេលកម្ពុជាយើងមានកិច្ចសហប្រតិបត្តិការល្អ ជា មួយបណ្ដាប្រទេសជិតខាង នោះការងាររួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ក៏ដូចជាមួយបណ្ដាអន្តរជាតិ វានឹងងាយស្រួលក្នុងការកំណត់មុខ សញ្ញាជនឧក្រិដ្ឋ ដែលប្រព្រឹត្តបទ ល្មើសជួញដូរមនុស្ស» ។

លោកបន្ថែមថា ក្រៅពីមានកិច្ចសហការគ្នាល្អហើយ អ្វីដែលសំខាន់មួយទៀត គឺការលុបបំបាត់ អំពើ ពុក រលួយ ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហាការជួញដូរមនុស្សត្រូវបាន ដោះស្រាយតាមរយៈប្រព័ន្ធយុត្តិធម៌ ទោះបីជនដែលពាក់ព័ន្ធនោះ មានបុណ្យស័ក្តិ អំណាចធំប៉ុណ្ណាក៏ដោយ គឺត្រូវតែ អនុវត្តតាមផ្លូវច្បាប់ ៕

ដោយ៖ ជា សុខនី

ads banner