សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម-ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម លើកទី១ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នារបស់សម្តេចរដ្ឋសភាធិបតី នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ចនាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្រ្តី សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេស ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។
សូមជម្រាបជូនថា សកម្មភាពការងារសំខាន់ៗ នាឱកាសនេះរួមមាន៖
១.នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សវៀតណាម ឯកឧត្តម វូ វ៉ាន់ធួង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញទៅទស្សនា ព្រះវិហារ តាម ជុក (Tam Chuc) ក្នុងខេត្តហាណាម និងទទួលជួបពិភាក្សាការងារជាមួយ លេខាបក្សខេត្តហាណាមទៀតផង។ បន្ថែមពីលើនេះ ក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីវៀតណាមមួយចំនួនទៀតផងដែរ។
២.នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ ឯកឧត្តម សូនេសាយ ស៊ីផាន់ដន (SONESAY Siphandone) នាយករដ្ឋមន្ត្រីឡាវ និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម សាយសំភូន ភូមិវិហាន (SAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងទទួលជួបសំណេះសំណាលជាមួយនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ។ បន្ថែមពីលើនេះ ក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីឡាវមួយចំនួនទៀតផងដែរ។
៣.សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ដែលមានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបីធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការនានាឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងការគំាទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទំាងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) កាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន៕