លោក សួន សេរីរដ្ឋា៖ ក្រោមម្លប់នៃអង្គព្រះរាជា និងក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាមានសុខដុមនីយកម្មជាតិ សាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នាឆ្នាំ២០២៣នេះ អាចនិយាយបានថា ជាព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំជាងឆ្នាំណាៗទាំងអស់ បន្ទាប់ពីអាកខានធ្វើប៉ុន្មានឆ្នាំកន្លងមកនេះ។ ឆ្នាំនេះមានប្រទីបមកពីស្ថាប័នជាតិ ក្រសួង និងក្រុមហ៊ុន រហូតដល់ទៅ៣០ប្រទីប បណ្តែតបង្អួតខ្លួនលើទន្លេចតុមុខ នៃរាជធានី ហើយមានទេសចរជាតិ និងអន្តរជាតិរាប់សែននាក់មកពីបណ្តាខេត្តនានា រួមជាមួយកីឡាអុំទូកមកលេងកម្សាន្តនៅភ្នំពេញ… នេះយើងមិនទាន់រាបើបញ្ចូលនៅតាមខេត្តនានាទៀតផង។
លោកបន្តថា សមិទ្ធផលបុណ្យជាតិ ដែលជាព្រះរាជពិធីដ៏ធំមួយនេះ គឺពិតណាស់កើតឡើងដោយសារប្រទេសមានឯករាជ្យ និងសន្តិភាព។ បើគ្មានឯករាជ្យ និងសន្តិភាពទេ គឺអ្វីៗមិនអាចកើតមានបានទេ… ពិសេសគឺ សន្តិភាព ព្រោះបើមានត្រឹមតែឯករាជ្យ តែខ្វះសន្តិភាពនោះ ក៏មិនអាចធ្វើឱ្យប្រជាជនមានទំនុកចិត្ត មានសុខមាលភាពផ្លូវចិត្ត ចេញមកចូលរួមលេងកំសាន្តក្នុងកម្មវិធីបុណ្យជាតិធំៗបែបនេះ បានសប្បាយរីករាយដែរ។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រ និងនៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា បានកំពុងផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលបន្តវេន ដឹកនាំ កសាង អភិវឌ្ឍន៍ប្រទេស ព្រមទាំងស្តាររៀបចំឡើងវិញនូវព្រះរាជពិធីប្រពៃណីរបស់ដូនតាខ្មែរនូវគ្រប់ទម្រង់ សិល្បៈ វប្បធម៌ ជំនឿ និងការបដិបត្តិតាមមាគ៌ាសាសនា ដ៏ល្អផូរផង់របស់ខ្មែរ…។ ប្រជាជនកម្ពុជា គ្រប់ខេត្តរាជធានី ទទួលបាននូវម្លប់ត្រជាក់ត្រជុំពូនផ្តុំនូវការអភិវឌ្ឍគ្រប់វិស័យ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
នេះពិតជាសំណាងរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើងយ៉ាងពិតប្រាកដ ដែលយើងគ្រប់គ្នាត្រូវគោរពដឹងគុណចំពោះសម្តេចតេជោ អរគុណសន្តិភាព និងរួមគ្នាប្តេជ្ញាការពាររបបរាជានិយម និងការពារសន្តិភាពឱ្យនៅគង់វង្សអមតៈជាមួយគ្នាជារៀងរហូត៕
ដោយ៖ពលជ័យ