មេដឹកនាំវ៉េណេស៊ុយអេឡាអំពាវនាវសាជាថ្មីឱ្យលោក បៃដិន ចាប់ផ្តើម “សករាជថ្មី” ក្នុងទំនាក់ទំនងអាមេរិក-វ៉េណេស៊ុយអេឡា
ការ៉ាកាស៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអំពាវនាវសាជាថ្មីទៅកាន់សមភាគីអាមេរិក លោក ចូ បៃដិន ដើម្បីចាប់ផ្តើម “សករាជថ្មី” ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានទទូចឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចជាអចិន្ត្រៃយ៍។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយក្នុងអំឡុងកិច្ចប្រជុំស្តីពីសេដ្ឋកិច្ចជាតិថា ពីទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា ថ្ងៃនេះ ប្រជាជនវេណេហ្ស៊ុយអេឡាទាំងអស់បានរួមគ្នាទាមទារឱ្យលោកប្រធានាធិបតី ចូ បៃដិន ដកទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចវ៉េណេស៊ុយអេឡាទាំងអស់ជាអចិន្ត្រៃយ៍។
លោក ម៉ាឌូរ៉ូ បន្ថែមថា យើងចង់ចាប់ផ្តើមពេលវេលាថ្មី, យុគសម័យថ្មីក្នុងទំនាក់ទំនង, ការគោរព និងការសហការ ក្នុងកម្រិតខ្ពស់បំផុតរវាងសហរដ្ឋអាមេរិក និងវេណេហ្ស៊ុយអេឡា។ ពួកយើងបានត្រៀមរួចរាល់ហើយ… ពួកយើងត្រូវការវា។ មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ទៀតថា ការអំពាវនាវនេះគឺជាការមូលមតិគ្នា ទាំងវិស័យនយោបាយ សាសនា សេដ្ឋកិច្ច វប្បធម៌ និងសង្គមទាំងមូលរបស់វេណេហ្ស៊ុយអេឡា ដែលជាការមូលមតិគ្នាដ៏មានឥទ្ធិពល។
សេចក្តីថ្លែងការណ៍របស់លោក ម៉ាឌូរ៉ូ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក បៃដិន បានប្រកាសពីការដកទណ្ឌកម្មសេដ្ឋកិច្ចជាបណ្តោះអាសន្នលើប្រេង ឧស្ម័ន និងមាសរបស់វេណេហ្ស៊ុយអេឡា ជាថ្នូរនឹងកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងលោក ម៉ាឌូរ៉ូ និងក្រុមប្រឆាំងលើលក្ខខណ្ឌសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា ប្រសិនបើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ រំលោភលើកិច្ចព្រមព្រៀង ដែលបានធ្វើឡើងជាមួយក្រុមប្រឆាំង នោះខ្លួននឹងដាក់ទណ្ឌកម្មឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា