១០ខែកន្លងមកកម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅទៅកាន់ក្រៅប្រទេសជាង៦១ម៉ឺនតោន ដែលមានទំហំទឹកប្រាក់ស្មើនឹង ៨៣១ លានដុល្លារ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជាកំពុងប្រែក្លាយជាប្រ ទេសមានសក្តានុពលខ្លាំងទៅលើដំណាំស្វាយចន្ទី ហើយក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣កន្លងមកនេះ កម្ពុជា បាននាំចេញគ្រាប់ផ្លែស្វាយចន្ទីឆៅ ៦១៥០០តោន ដែលមានទំហំទឹកប្រាក់ស្មើនឹង ៨៣១ លានដុល្លារ ថយចុះ ១៦,៧ភាគរយបើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២ ។
គួរបញ្ជាក់ថាតម្លៃជាមធ្យមគ្រាប់ផ្លែចន្ទីស្ងួត ១.៦៥៨ ដុល្លារ ក្នុង១តោន ។ សម្រាប់ ខែតុលាគ្រាប់ផ្លែចន្ទីស្ងួតតម្លៃ ៧០០០រៀល-៧៥០រៀលក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។
ថ្លែងក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែសង្វាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ក្នុងខេត្តចំនួន ៣ គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣កន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីរជាង ៣៨ ម៉ឺនតោន ដែលក្នុងនេះនាំចេញទៅកាន់ប្រទេសចិន ជប៉ុន បង់ក្លាដេស វៀតណាម និងថៃ ។
ក្រៅពីនេះសម្រាប់គ្រាប់ផ្លែស្វាយចន្ទី កែច្នៃ រួចនាំចេញ ៥៦តោន ដោយក្នុងនេះនាំចេញទៅកាន់ប្រទេសចិន សាធារណឆែក ជប៉ុន កូរ៉េ ហូឡង់ វៀតណាម ថៃ កោះតៃវាន់ និងសហរដ្ឋអាមេរិក ។ ក្រៅពីនេះបើតាមរបាយការណ៍នៃសហគមន៍ផ្លែចន្ទីកម្ពុជា ក្នុងរយៈពេល ១០ខែកន្លងមកនេះក៏បានបង្ហាញដែរថា៖កម្ពុជាបាននាំចេញគ្រាន់ចន្ទីឆៅជាង ៦០ម៉ឺនតោន ។ សម្រាប់តម្លៃផ្លែស្វាយចន្ទីស្ងួតជាមធ្យមស្ថិតនៅក្នុងបន្លោះ១២០០-១៩០០ដុល្លារក្នុងមួយតោន។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ ”កម្ពុជា មានសក្តានុពលខ្លាំងទៅលើដំណាំស្វាយចន្ទី ដែលជាមធ្យមយើងប្រមូលផលបានចន្លោះពី៦០ម៉ឺនតោនទៅ៨០ម៉ឺនតោនក្នុងមួយឆ្នាំ។សម្រាប់ឆ្នាំ២០២១កន្លងមកទៅផលស្វាយចន្ទីយើងប្រមូលបានជាង ១លានតោន ប៉ុន្តែយ៉ាងណាការកៃច្នៃនៅក្នុងស្រុករបស់យើងនៅមានកម្រិតនៅឡើយ ។
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ៖បច្ចុប្បន្នកម្ពុជាមានសក្តានុពលខ្លាំងទៅលើទៅលើដំណាំកសិកម្មក្នុងនេះមានដូចជាស្រូវ និងស្វាយចន្ទី។ដំណាំស្វាយចន្ទីកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីទាំងគុណភាព រស់ជាតិ។ ក្រៅពីនេះដំណាំស្វាយចន្ទីងាយដាំដុះព្រោះថាវាធន់នឹងភាពរាំងស្ងួត ដែលសមស្របទៅតាមស្ថានភាពធាតុអាកាសនៅកម្ពុជាផងដែរ ។
ឯកឧត្តម បញ្ជាក់បន្ថែមថា ៖ ចំពោះខេត្តដែលសម្បូរទៅដោយដំណាំស្វាយចន្ទី មានដូចជាខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា ៖ សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ ២,៣៨លានហិកតា ។ ក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង៣លាន២សែនហិកតា ។ ក្រៅពីនេះដំណាំផ្លែចន្ទីមានជិត៧០ម៉ឺនហិកតា ត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង ៣លាន ២សែន ហិកតានេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅនាំចេញជាង ៩០ភាគរយ ទៅកាន់ប្រទេសជិតខាងកម្ពុជា ក្នុងនេះវៀតណាម ថៃ ចិន និងឥណ្ឌាផងដែរ ។ ការកែច្នៃក្នុងស្រុកមានប្រមាណជាង ៥ភាគរយ ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក រិន រចនា