សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណការរៀបចំបុណ្យអុំទូកប្រព្រឹត្តដោយជោគជ័យ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរការប្រព្រឹត្តទៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃកន្លងមកនេះ បានទទួលជោគជ័យ និងមានភាពរលូនប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង។

សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា «ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការ នៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។

សម្តេចធិបតីបានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក ដែលមានមនុស្សចូលរួមជាច្រើនលាននាក់នេះ បានធ្វើឱ្យពលរដ្ឋមានភាពរីករាយ និងបានបង្ហាញ «ការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប, បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី»។

មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ សំ វិច្ឆិកា នៅថ្ងៃទី២៩ វិច្ឆិកានេះ បានថ្លែងរៀបរាប់ដំណើរការប្រព្រឹត្តទៅរបស់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គម «ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅ នៃកម្មវិធី និងការសម្អាតដោយធានាបាននូវសោភ័ណភាព និងអនាម័យ»។

សម្តេចធិបតីបាន «ថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង»។

ads banner