ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ

កោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី បិទស្ទឹង ដើម្បីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។

ទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើ ជាគម្រោងមួយ ដែលប្រើប្រភពទឹកស្ទឹងចំនួន ២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ។ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ វិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។

គម្រោងនេះ ធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាមេរិក ដោយផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំ លក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង ។

ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន វិនិយោគ និងសេដ្ឋកិច្ច ការវិនិយោគ បន្ថែមទៅលើ វិស័យថាមពល គឺកត្តាដ៏ចាំបាច់ របស់កម្ពុជា ដែលក្នុងនោះ រួមទាំងគម្រោងវិនិយោគ វារីអគ្គិសនីផងដែរ។ បច្ចុប្បន្នកម្ពុជា មានទីតាំងវារីអគ្គិសនីធំៗចំនួន ៧ ដែលកំពុងផ្គត់ផ្គត់ប្រើប្រាស់នៅទូទាំងប្រទេសរួមមាន ៖

១៖ វារីអគ្គិសនីគីរីរម្យ១ ស្ថិតនៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសម្ថតភាពផលិតថាមពលក្នុងអានុភាព ១២មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០០២ ។ ២៖ វារីអគ្គិសនីកំចាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានសមត្ថភាពផលិតថាមពល ក្នុងអានុភាព ១៩៤ មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១១។ ៣៖ វារីអគ្គិសនី គីរីរម្យ៣ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ១៨មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៣។ ៤៖ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅស្រុកមណ្ឌល សីមា ខេត្តកោះកុង មានសមត្ថ ភាពផលិតថាមពល ក្នុងអានុភាព ៣៣៨មេហ្គាវ៉ាត់ បានដាក់សម្ពោធឱ្យប្រើប្រាស់ នៅឆ្នាំ២០១៥។ ៥៖ វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសម្ថតភាពផលិត ថាមពល ក្នុងអានុភាព ១២០មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១៤។ ៦៖ វារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានសមត្ថភាពផលិតថាមពល ក្នុងអានុភាព ២៤៦មេហ្គាវ៉ាត់ នឹងបានដាក់សម្ពោធឲ្យប្រើប្រាស់នៅ ឆ្នាំ២០១៥។ ៧៖ វារីអគ្គិសនីសេសានក្រោម ២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មានសមត្ថភាពផលិត ថាមពល ក្នុងអានុភាព ៤០០មេហ្គាវ៉ាត់ នឹងបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពី ឆ្នាំ២០១៨។

បច្ចុប្បន្ន កម្ពុជា កំពុងដំណើរការសាងសង់វារីអគ្គិសនីចំនួនពីរ រួមមាន៖ ទំនប់វារីអគ្គិសនីស្ទឹង ពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងគម្រោងវារីអគ្គិសនី ស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានអានុភាព ១៥០មេហ្កាវ៉ាត់។

បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣,៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ក្នុងនោះអគ្គិសនីបានពីថាមពលស្អាតមានប្រមាណ ៦០ភាគរយ។ សម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ន ត្រឹមប្រមាណ ២,៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពលបានច្រើនលើស ពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែបើទោះបីជាភូមិទាំង ២៤៥នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ ។

ជាមួយនេះ ការកសាងទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើនេះដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner