កសិករធ្វើស្រូវត្រយងថ្មី ក្នុងស្រុក សៀមប៉ាង និង ស្រុក លំផាត់ បានកើនឡើងចំនួន ៤៨៩គ្រួសារ
ភ្នំពេញ៖ រដូវធ្វើស្រែក្នុងឆ្នាំ២០២៣នេះ កម្មវិធីស្រូវត្រយង បានទាក់ទាញគ្រួសារកសិករថ្មីចំនួន ៤៨៩ គ្រួសារ ដែល សរុបរហូតមកដល់ពេលនេះមានសមាជិកកសិករ១.៣០៥ ពីភូមិគោលដៅចំនួន ១៩ ក្នុងស្រុកសៀមប៉ាង ខេត្តក្រចេះនិងស្រុកលំផាត់ ខេត្ត រតនគិរី ។
តាមការឱ្យដឹងពី USAID មរតកបៃតង នៅថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០២៣ថា កម្មវិធីនេះបានបើកសម្រាប់ការចុះឈ្មោះកសិករថ្មីតាំងពីខែមីនាមកម្ល៉េះ ហើយគ្រប់គ្រួសារទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់តាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្រូវត្រយង ដែលធ្វើឡើងដោយក្រុមការងារមកពី USAID មរតកបៃតង អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុន Rising Phoenix អង្គការជីវិតធម្មជាតិនៅកម្ពុជា និងគណៈកម្មការបណ្តាញទីផ្សារភូមិ។
គួរបញ្ជាក់ថាតាមរយៈប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្រូវត្រយងគឺត្រូវតែ ធានាបាននូវគុណភាព និងសុចរិតភាពនៃផលិតកម្មស្រូវ ជាពិសេសនៅក្នុងបរិបទនៃកសិកម្មសរីរាង្គ និរន្តរភាព និងកិច្ចអភិរក្ស។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងគឺជាធាតុផ្សំជាមូលដ្ឋាននៃការប្តេជ្ញាចិត្តរបស់កម្មវិធីស្រូវត្រយងក្នុងការផ្តល់នូវអង្ករដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងនិរន្តរភាពដល់អ្នកបរិភោគ ខណៈដែលប្រកាន់ខ្ជាប់នូវស្តង់ដារស្រូវសរីរាង្គ ការពារព្រៃឈើ និងសត្វព្រៃ។
សមាជិកកសិករដែលអាចចូលគម្រោងនេះបាន ត្រូវគោរពតាមលក្ខខណ្ឌកំណត់គម្រោងដែលរួមមានមិនប្រើប្រាស់ជីគីមី មិនបរបាញ់ និងជួញដូរសត្វព្រៃ និងមិនទន្ទ្រានដីព្រៃជាដើម។ គម្រោងនេះ មិនត្រឹមតែបានចូលរួមលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បាន និងកំពុងរួមចំណែកការពារអភិរក្ស សត្វព្រៃ និងព្រៃឈើផងដែរ។
ជាមូួយគ្នានេះគម្រោងកម្មវិធី«ស្រូវត្រយង» ចាប់ផ្តើមអនុវត្តដំបូងនៅឆ្នាំ២០០៨ គឺនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាក្សាន្ត ខេត្តព្រះវិហារ។
ក្រសួងបរិស្ថាន នឹងបន្តជំរុញឱ្យអង្គការដៃគូពាក់ព័ន្ធ យកគម្រោងស្រូវត្រយងនេះ ទៅអនុវត្តតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស វាក៏ជាជម្រើសថ្មីឱ្យប្រជាសហគមន៍សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ជំនួសឱ្យការកាប់ឈើ ការបរបាញ់សត្វ និងរុករានទន្រ្ទានដីព្រៃខុសច្បាប់ជាដើម៕
ដោយ៖ម៉ាដេប៉ូ
