កីឡាករប្រណាំងម៉ូតូកម្រិតពិភពលោក Graham Jarvis មកចែករំលែកបទពិសោធន៍ដល់កីឡាករ នៅកម្ពុជា

ភ្នំពេញ៖ លោក Graham Jarvis អ្នកជំនាញម៉ូតូអន្តរជាតិបានមកចែករំលែកបទពិសោធន៍ដល់កីឡាករជាតិ និងអន្តរជាតិកម្ពុជា រយៈពេល២ថ្ងៃ ក្រោមការអញ្ជើញរបស់ក្លឹបម៉ូតូហេរ៉ូ (Hero Club) ដែលតែងតែបង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូនៅកម្ពុជា។

ក្លឹបហេរ៉ូបានអញ្ជើញអ្នកជំនាញម៉ូតូអន្តរជាតិរូបនេះ ដើម្បីមកចែករំលែកបទពិសោធន៍ដល់កីឡាករជាតិ និងកីឡាករបរទេស ដែលកំពុងរស់នៅកម្ពុជា។ តាមរយៈការចែករំលែកនូវកម្រិតជំនាញអន្តរជាតិរបស់អ្នកជំនាញរូបនេះត្រូវបានគេជឿជាក់ថា កីឡាករកម្ពុជា និងកីឡាករបរទេសដែលនៅកម្ពុជានឹងទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅ និងស្របតាមស្តង់ដារអន្តរជាតិជាក់ជាមិនខាន។ លោក Graham Jarvis គឺជាកីឡាករប្រណាំងម៉ូតូហោះដ៏ឆ្នើមមួយរូប ដែលធ្លាប់ឈ្នះជើងឯកជាច្រើនជំនាន់ នៅចក្រភពអង់គ្លេស អាហ្វ្រិច និងជាជើងឯកជាច្រើនទៀត នៅក្នុងការប្រកួតកម្រិតអន្តរជាតិ។ ជាមួយគ្នានេះ ក្លឹបហេរ៉ូគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២៤។

លោក Graham Jarvis គូសបញ្ជាក់ថា លោកចូលចិត្តធ្វើដំណើរទៅប្រទេសនានា ដើម្បីផ្សព្វផ្សាយអំពីកីឡាប្រណាំងម៉ូតូនេះ ដែលជាកីឡាដ៏អស្ចារ្យមួយ។ លោកសង្ឃឹមថា យើងអាចបង្ហាត់បង្រៀនដល់កីឡាករកម្ពុជាបាន។ លោកបន្ថែមថា ដូចដែលបានឃើញអញ្ចឹង លោកពុំឃើញមានកីឡាករកម្ពុជាណាម្នាក់ចូលរួមសោះឡើយ។ លោករំពឹងថា យ៉ាងហោចណាស់យើងអាចមានកីឡាករកម្ពុជាក្នុងកម្រិតមធ្យមចូលរួម បើយើងប្រៀបធៀបទៅនឹងកីឡាករដែលមកពីប៉ែកអឺរ៉ុប និងប្រទេសផ្សេងៗ។

នេះហើយជាមូលហេតុដែលលោក Graham Jarvis មកកម្ពុជា ដើម្បីចែករំលែកនូវជំនាញរបស់លោកជួយបង្កើនសមត្ថភាពរបស់កីឡាករ ក៏ដូចជាបង្កើនភាពជឿជាក់ និងមានសុវត្ថិភាពក្នុងការប្រណាំង។ លោកសង្កត់ធ្ងន់ថា កីឡាករទាំងអស់ស្រឡាញ់ចូលចិត្តរូបលោក និងចង់ឱ្យលោកមកកម្ពុជាម្ដងទៀត នៅថ្ងៃអនាគត។ ដូច្នេះលោកសន្យាថា លោកនឹងត្រឡប់មកកម្ពុជាម្ដងទៀត៕

ដោយ ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner