លោក ហែម គិរី៖ មេដាយមាស ២គ្រឿងឈ្នះពីការប្រកួតជើងឯក អាស៊ីលើកទី១៨ នៅថៃជាជោគជ័យធំសម្រាប់កម្ពុជា
ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់ទុកមេដាយ៥គ្រឿង មេដាយមាស២គ្រឿង ប្រាក់១និងមេដាយសំរិទ្ធ២គ្រឿង ដែលដណ្តើមបានពីការប្រកួតកីឡាការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)នៅប្រទេសថៃ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមលើកទី១ ជាសមិទ្ធផលជោគជ័យដ៏ល្អបំផុសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីចូលរួមជាសមាជិករបស់សហព័ន្ធពាក់ជើងទាអន្តរជាតិ។
លោកថា មេដាយ៥គ្រឿងដែលដណ្តើមបាននេះ បានធ្វើឲ្យកម្ពុជាឈរនៅក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១៧ប្រទេសនៃតំបន់អាស៊ីចូលរួម។ វាជាមោទកភាពសម្រាប់កម្ពុជាដែលយើងមិននឹកស្មានដល់នោះទេ។លទ្ធផលនេះ បានសរបញ្ជាក់ឲ្យឃើញថា ការយកចិត្តទុកដាក់គូសវាសយុទ្ធសាស្រ្តរបស់ប្រធានសហព័ន្ធ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលទទួលបានជោគជ័យត្រចះត្រចង់ ។
អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា ជ័យជម្នះមួយនេះបានធ្វើឲ្យបណ្ដាប្រទេសចូលរួមក្នុងទ្វីបអាស៊ីមានការភ្ញាក់ផ្អើល និងកោតសរសើរដល់ប្រទេសកម្ពុជា ព្រោះមកប្រកួតលើកទី១ តែមានលទ្ធភាពដណ្ដើមមេដាយបានច្រើនគ្រឿង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)។ ធ្វើឡើងនៅប្រទេសថៃ មានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្ពុជាបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ៥រូប ឈ្នះមេដាយសរុប ៥គ្រឿង មាស២ ប្រាក់១ សំរឹទ្ធ២ ជាប់ចំណាត់ថ្នាក់លេខ៦ ចំណោម ១៧ប្រទេសក្នុងអាស៊ីចូលរួម៕
រូបភាព អត្ថបទ៖ជាវ ចន្ធូ