សប្បុរសជនបេសប្បលកូរ៉េ នឹងជួយផ្នែកបច្ចេកទេសពង្រឹងសមត្ថភាព កីឡាករកម្ពុជា ឆ្ពោះទៅស៊ីហ្គេមថៃ
ភ្នំពេញ៖ លោក លី ម៉ាន់ស៊ូ (LEE MANSOO) សប្បុរសជនជនកីឡាបេស្បលរបស់កូរ៉េ ក្នុងឱកាសដែលលោក បានដឹកនាំប្រតិភូកូរ៉េ នាំយកសម្ភារៈកីឡាបេស្បលមកឧបត្ថម្ភដល់សហព័ន្ធកីឡាបេស្បលកម្ពុជា លោកបានសន្យាថា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយជ្រោមជ្រែងដល់កម្ពុជាលើកម្មវិធីអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាបេសប្បលដើម្បីឈានទៅឆ្ពោះទៅរកសក្តានុពល។
លោកថា បច្ចុប្បន្ននេះ លោកបានមើលឃើញថា ប្រទេសកម្ពុជាវិស័យកីឡាបេស្បលនេះ គឺកំពុងមានភាពរីកចំរើនខ្លាំង ហើយ ក្នុងនាមលោកជាអ្នកស្រលាញ់កីឡាបេស្បល លោកនឹងបញ្ជូនតំណាងមកជួយសហព័ន្ធបេស្បលកម្ពុជា ជួយលើផ្នែកបច្ចេកទេស ដើម្បីពង្រឹងគុណភាពកីឡាករជម្រើសជាតិកម្ពុជា ពិសេស គឺការនាំយកកីឡាករជម្រើសជាតិទៅហ្វឹកហាត់រយៈពេលវែងឬខ្លីនៅប្រទេសកូរ៉េ មុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ជាការជួយឲ្យបេស្បលកម្ពុជាឈានទៅសម្រេចគោលដៅឈ្នះមេដាយ។
លោក លី ម៉ាន់ស៊ូ (LEE MANSOO) បានបន្ថែមទៀតថា ក្រៅពីគម្រោងជួយកម្ពុជាលើផ្នែកបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពនោះ លោក ក៏មានគម្រោងនឹងជួយធ្វើទីលានកីឡាបេស្បលលំដាប់ស្តង់ដាអន្តរជាតិមួយ នៅកីឡដ្ឋានបឹងសំរិទ្ធ ស្ថិតនៅក្នុងស្រុកបារាយរណ៍ ខេត្ត កំពង់ធំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិផងដែរ៕
រូបភាព អត្ថបទ ៖ ជាវ ចន្ធូ


