សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ទុកថា តម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អ នឹងកើនកតម្លៃ៥ភាគរយក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានធ្វើការព្យាករណ៍ទុកថានៅក្នុងឆ្នាំ២០២៤ខាងមុខនេះតម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អ នឹងកើន៥ភាគរយ នាឆ្នាំ២០២៤ខាងមុខ ដោយសារគុណភាពស្វាយចន្ទីកម្ពុជានិងតម្រូវការសាកលកើនឡើងរួចមក។
ក្នុងការចេញផ្សាយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងដែរថាក្រៅពីតម្លៃដែលគេរំពឹងថានឹងកើនឡើង៥ភាគរយនេះដែរ ចំណែកទិន្នផលនឹងកើន ១០ភាគរយ ដោយសារចម្ការស្វាយចន្ទីមានស្ថេរភាពនិង បាតុភូត Elnino មិនប៉ះពាល់ខ្លាំងដល់ដំណាំមួយនេះ។
គួរបញ្ជាក់ថាក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវ៉ាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាទីស្តីការក្រសួងកសិកម្ម លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖តាមរយៈការខិតខំលើកស្ទូយលើវិស័យស្វាយចន្ទី និងក៏ដូចជាការចូលរួមទាំងរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យឯកជនលោករំពឹងថាកម្ពុជានឹងអាចក្លាយជាប្រទេសដែលមានគុណភាពគ្រាប់ស្វាយចន្ទីល្អជាងគេនិង រស់ជាតិឆ្ងាញ់ ជាងគេក្នុងពិភពលោក។
ទោះបីយ៉ាងណា អនុប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះលើកឡើងដែរថា៖ទន្ទឹងនឹងកម្ពុជាមានស្វាយចន្ទីល្អ និងគុណភាពល្អជាគេនេះដែរយើងនៅខ្វះខាតចំណុចតិចតួចមួយគឺកែច្នៃគ្រាប់ចន្ទីដ៏ល្អរបស់យើងនេះឱ្យទៅជាផលិតផលមួយស្តង់ដា និងអាចទទួលយកបានក្នុងទីផ្សារអន្តរជាតិ។ពេលនេះកម្ពុជាយើងបានចាប់ផ្តើមចេញដំណើរហើយ គឺតាមរយៈកម្ពុជាបានចូលរួមសន្និសីទស្វាយចន្ទីនៅទីក្រុងឌុបបៃគឺគេអបអរខ្លាំងណាស់ដោយសារកម្ពុជាបានជាប់ជាប្រទេសដែលមានគ្រាប់ផ្លែចន្ទីដ៏ល្អនៅឆ្នាំ២០២១។នេះជាជំហ៊ានដ៏ល្អមួយ ហើយវាស្របនឹងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនមានមហិច្ចតាក្នុងទិសដៅលើកស្ទួយប្រទេសកម្ពុជាដែលមានស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេលើពិភពលោកផងដែរ។
ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថា៖នាពេលនេះមានការបង្កើតដីចំនួន ៥០ហិកតានៅខេត្តកំពង់ធំទៅជាកន្លែងកសិឧស្សហកម្មស្វាយចន្ទី។នាពេលនេះគេបានទាក់ទាញអ្នកវិនិយោគទុនពីប្រទេសសិង្ហបុរីដែលបានបោះទុនលើកទី១ខ្ទង់១២លានដុល្លារដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ចន្ទីឱ្យបាន ៤០ម៉ឺនតោនក្នុងមួយថ្ងៃ។ក្រៅពីនេះក៏មានក្រុមហ៊ុនមួយចំនួនទៀតក៏បានកំពុងសហការដើម្បីកែច្នៃគ្រាប់ចន្ទីនេះផងដែរ។ទន្ទឹមជាមូួយគ្នានេះក៏មាន ឧកញ៉ា ជាច្រើននៅកម្ពុជាកំពុងចាប់អារម្មណ៍ វិនិយោគ លើស្វាយចន្ទីថែមទៀត។
ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២៣កន្លងមកនេះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ៦១៥០០ តោន ដែលមានទំហំទឹកប្រាក់ស្មើនឹង ៨៣១ លានដុល្លារថយចុះ ១៦,៧ភាគរយបើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។
គួរបញ្ជាក់ថាតម្លៃជាមធ្យមគ្រាប់ផ្លែចន្ទីស្ងួត ១៦៥៨ ដុល្លារក្នុង១តោន។សម្រាប់ ខែតុលាគ្រាប់ផ្លែចន្ទីស្ងួតតម្លៃ ៧០០០រៀល-៧៥០រៀលក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារក្នុង១តោន៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក រិនចរនា

