ក្រសួងការងារ បានការផ្សព្វផ្សាយពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់ពលរដ្ឋជិត៥ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃនៃបុណ្យអុំទូក
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ( ប.ស.ស. ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ស្តីពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៌ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្នុងអំឡុងពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកពីថ្ងៃ ២៦- ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ និង ជាអគ្គនាយករង ប.ស.ស. មានប្រសាសន៍ឲ្យដឹងថានៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមទីប្រជុំជន និងការផ្សព្វផ្សាយតាមស្តង់ពិព័ណ៌ ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃកន្លងទៅនេះ នៅទូទាំង ២៥ រាជធានីខេត្ត មានប្រជាពលរដ្ឋសរុបប្រមាណជា ៤៩ ៦៦១នាក់ ក្នុងនោះស្រី ៣២ ៥១៥នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
ឯកឧត្តមមានប្រសាសន៍បន្តថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយកន្លងមក ក៏ដូចជាយុទ្ធការក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃនេះ ឯកឧត្តមសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋហាក់មានការយល់ដឹងច្រើនស្តីពីរបបសន្តិសុខសង្គម ហើយពួកគាត់ភាគច្រើន គឺស្គាល់បណ្ណ ប.ស.ស. និងបានដឹងពីអត្ថប្រយោជន៍បណ្ណ ប.ស.ស. ដែលនៅពេលឈឺ ឬគ្រោះថ្នាក់ផ្សេងៗទៅពេទ្យមិនអស់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភទៀតផង។
កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ពីផលចំណេញរបស់សមាជិក ប.ស.ស. និងអ្នកនៅក្នុងបន្ទុកគ្រួសារចំពោះការព្យាបាលជំងឺនិងការថែទាំសុខភាពថាពេលដែលមានគ្រួសារ បងប្អូនមួយចំនួនធ្វើការទាំងពីរនាក់ ក៏ប៉ុន្តែមានបងប្អូនមួយចំនួន ពេលមានកូនអាចមានម្នាក់ផ្អាកពីការងារ ឬឈប់ធ្វើការដើម្បីមើលថែទាំកូន ចឹងសល់តែមនុស្សម្នាក់គត់ធ្វើការនិងមានចំណូល ហើយចំណូលនោះក៏ត្រូវជួយដល់អ្នកនៅផ្ទះ និងចំណាយផ្សេងៗទៀតផង ។
ឯកឧត្តមបានលើកឡើងថា បើសិនជាបងប្អូនបង់ភាគទានផ្នែកថែទាំសុខភាពបីនាក់ ដោយក្នុងមួយនាក់ត្រូវបង់ ១ ៥៦០០រៀល នៅពេលមានកូន៣ក្នុងបន្ទុក គឺត្រូវចំណាយប្រហែលអស់១២ដុល្លារ ហើយបើមានកូនឈឺ នោះ ក្នុងមួយខែៗអាចនឹងត្រូវចំណាយច្រើនលើសពីនេះទៀត។ ដូច្នេះបើបងប្អូនបង់ភាគទាន ប.ស.ស. នោះបងប្អូនច្បាស់ក្នុងខ្លួនថា ប្រាក់ខែដែលនៅសល់ បន្ទាប់ពីផាត់ចំណាយលើ សោហ៊ុយធ្វើដំណើរ បន្ទប់ជួល បងប្អូនអាចចំណាយលើការចំណាយផ្សេងៗបានទៀត ។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុត ទៅដល់សុខុមាលភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ ដែលនេះជាការគ្របដណ្ដប់ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺគិតចាប់ពីថ្ងៃបើកយុទ្ធនាការផ្សព្វផ្សាយដំបូង រហូតមកដល់ត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា៥៧៧ ៩៤២នាក់ ស្មើនឹង ១ ៦៩៤លើក ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត៕
ដោយ ៖ វណ្ណលុក


