សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អភិវឌ្ឍប្រទេស ឈរលើមូលដ្ឋានគ្រឹះសំខាន់ពីរ គឺបរិស្ថានអំណោយផលល្អ (សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ
កោះកុង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២ គឺបរិស្ថានអំណោយផលល្អ (សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះថ្លែងអំណរគុណក្រុមហ៊ុនចិន ដែលសម្រេចចិត្តវិនិយោគវារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងបានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតចិន និងរដ្ឋាភិបាលចិនដែលបានផ្ដល់ឥណទានសម្បទានមានការប្រាក់ទាបសម្រាប់អភិវឌ្ឍន៍វិស័យអគ្គិសនីនៅតាមតំបន់ជនបទ ។
សម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារយើងមានសន្តិភាព ។ មានសន្តិភាព គឺមានការអភិវឌ្ឍគ្រប់បែបយ៉ាង ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជា បើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។
សម្ដេចបន្តថា ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ







