សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញភ្លើងជាតិដល់គ្រប់ភូមិទូទាំងប្រទេសឱ្យបាន ១០០% មុនឆ្នាំ២០៣០

កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញភ្លើងជាតិដល់គ្រប់ភូមិនៅទូទាំងប្រទេសឱ្យបាន ១០០% មុនឆ្នាំ២០៣០ ខណៈដែលនៅសល់តែជាង ១ភាគរយតែប៉ុណ្ណោះ បណ្តាញអគ្គិសនីជាតិ តបានគ្រប់ភូមិប្រជាពលរដ្ឋទូទាំងប្រទេស ។ សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋភិបាល តាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ ឱ្យបានរួចរាល់នៅមុនបំណាច់ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្ដេច បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន ៣ នោះគឺទី១-ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន, ទី២-ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបាន ហ្មត់ចត់ បញ្ចៀស រាល់ការប៉ះពាល់ និងទី៣-រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។ សម្ដេចធិបតី បានបន្តថា កម្ពុជា ត្រូវធានាឱ្យបាននូវសន្តិសុខថាមពលអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា វិស័យអគ្គិសនីជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យមួយចំនួនទៀត ហើយវាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការប្រើប្រាស់ថាមពលរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍជាតិ។ មិនតែប៉ុណ្ណោះ វិស័យនេះ នៅតែជារបៀបវារៈដ៏សំខាន់ក្នុងគោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គីសនី ប្រកបដោយគុណភាព នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យវិស័យផ្សេងៗមានការរីកចម្រើនផងដែរ ។ សូមជម្រាបថា ការកសាងទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner