ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះ MOU ជាមួយគ្រឹះស្ថានអប់រំរដ្ឋចំនួន៣ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ជាមួយគ្រឹះស្ថានអប់រំរដ្ឋចំនួន៣ គឺសាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

អនុស្សរណៈនេះរៀបចំឡើងក្នុងគោលបំណងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ក្នុងចំណោមអ្នករាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម ហើយនិយាយដោយឡែក គឺជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្តួចផ្តើមដោយ ក.ប.ទ. ដែលមានការចូលរួមពីគ្រឹះស្ថានអប់រំរដ្ឋ ៣ សំខាន់ៗ ដើម្បីបង្កើនមូលធនមនុស្សឌីជីថលក្នុងក្របខណ្ឌ ៣ ក្នុងពេលតែមួយ គឺ ស៊ីវិល នគរបាល និងយោធា។ អនុស្សរណៈក្នុងថ្ងៃនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ ចំពោះការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនអប់រំរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner