ស្រីលង្កាជិតជោគជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយប្រទេសម្ចាស់បំណុលឡើងវិញ

កដ្ឋមណ្ឌូ៖ប្រទេសម្ចាស់បំណុលបានជូនដំណឹងទៅកាន់ប្រទេសស្រីលង្កាថា​ ពួកគេយល់ព្រមលើកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ប៉ុន្តែស្រីលង្កានៅមិនទាន់ទទួលបានលិខិតបញ្ជាក់ជាផ្លូវការពីគណៈកម្មាធិការម្ចាស់បំណុលនៅឡើយទេ នេះបើយោងតាមប្រភពរដ្ឋាភិបាលស្រីលង្កាដែលបានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី២៩ ខែវិច្ឆិកា។

ប្រទេសស្រីលង្កា បានជាប់គាំងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយបាននិងកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលជាមួយម្ចាស់បំណុលឡើងវិញ ពោលគឺចាប់តាំងពីឆ្នាំមុន ដោយត្រូវបានប្រទេសម្ចាស់បំណុលបង្ខំឱ្យសងបំណុលបរទេសរបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីទុនបំរុងប្តូរប្រាក់បរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

យោងតាមមន្ត្រីរដ្ឋាភិបាលស្រីលង្កា​ដែល​សុំមិនបង្ហាញ​អត្តសញ្ញាណ​ម្នាក់បាន​និយាយ​ថា «ប្រទេស​ស្រីលង្កា​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​កិច្ច​ព្រម​ព្រៀង​រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគី ថាពួកគេបានយល់ព្រមហើយ ប៉ុន្តែយើងនៅរង់ចាំលិខិតផ្លូវការសិន។ យើងរំពឹងថានឹងទទួលបានលិខិតក្នុងពេលឆាប់ៗនេះ”»។ យ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីស្រីលង្កា និងក្រសួងហិរញ្ញវត្ថុ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។

គួរដឹងដែរថា ប្រទេសជប៉ុន បារាំង និងឥណ្ឌា ជាអ្នកដឹកនាំគណៈកម្មាធិការម្ចាស់បំណុល រីឯប្រទេស​ចិនដែល​ជា​ប្រទេសផ្តល់​កម្ចី​ធំបំផុត​ដល់​ប្រទេសស្រីលង្កា គឺជា​អ្នក​សង្កេតការណ៍ ពោលគឺមិន​មែន​ជា​សមាជិក​ផ្លូវការ​ទេ។ ដោយឡែក ម្ចាស់បំណុលទ្វេភាគីក៏មិនបានឆ្លើយតបភ្លាមៗទេជុំវិញបញ្ហានេះ។

ថ្មីៗនេះ ប្រទេសស្រីលង្កាចុះកិច្ចព្រមព្រៀងជាមួយធនាគារនាំចេញនាំចូល (Export-Import Bank) របស់ប្រទេសចិន ដើម្បីគ្រប់គ្រងបំណុលរបស់ខ្លួនចំនួន ៤,២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះគឺមានសារៈសំខាន់សម្រាប់ស្រីលង្កាក្នុងការឆ្លងកាត់ការត្រួតពិនិត្យដំបូងនៃកញ្ចប់ជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF។ ហើយវាក៏ចាំបាច់ផងដែរក្នុងការទទួលកម្ចីជាលើកទីពីរប្រហែល ៣៣៤ លានដុល្លារសហរដ្ឋអាមេរិកពី IMF នេះបើយោងតាម​ក្រសួង​ហិរញ្ញវត្ថុ​។

ក្រោយពីការអនុម័តយល់ព្រមដោយ IMF ប្រទេសស្រីលង្កាអាចនឹងទទួលបានមូលនិធិបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ដែលសរុបជាទឹកប្រាក់ប្រហែល ៩០០ លានដុល្លារ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទេសាភិបាលធនាគារកណ្តាល លោក ណានដាឡាល់ វៀរ៉ាស៊ីងហេ (Nandalal Weerasinghe) កាលពីសប្តាហ៍មុន។

យោងតាមអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅស្រីលង្កាបានឱ្យដឹងថា ​ADB ក៏កំពុងពិចារណាផ្តល់ប្រាក់ចំនួន ២០០ លានដុល្លារដល់ស្រីលង្កានៅខែក្រោយផងដែរ។ ចំនួនទឹកប្រាក់នេះគឺជាផ្នែកមួយនៃប្រាក់កម្ចីពិសេសចំនួន ៣៥០ លានដុល្លារដែលត្រូវបានអនុម័តនៅក្នុងខែឧសភាដើម្បីត្រៀមទុកជួយដល់ប្រទេសស្រីលង្កា។

យោងតាមក្រសួងហិរញ្ញវត្ថុស្រីលង្កា បំណុលបរទេសសរុបរបស់ប្រទេសស្រីលង្កាមានចំនួន ៣៦,៦ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដោយរាប់បញ្ចូលទាំងបំណុលទ្វេភាគីចំនួន ១០,៩៤ ប៊ីលានដុល្លារ។ ប្រទេស​នេះ​ក៏​ត្រូវ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ម្ចាស់​មូលបត្រ​បំណុល​អន្តរជាតិរហូតដល់ទៅ ១២,៥ ប៊ី​លាន​ដុល្លារ។ ម៉្យាងវិញទៀត មូលបត្របំណុលប្រាក់ដុល្លារដែលត្រូវសងម្ចាស់បំណុលវិញនៅខែកក្កដា ឆ្នាំ២០២៦ បានកើនឡើងដល់ ៥០,៥០ ដុល្លារ ដោយកើនចំនួន ០,៤៤ សេន នេះបើយោងតាមទិន្នន័យរបស់ Tradeweb ៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters Sri Lanka reaches debt restructuring deal with creditor nations – government source

ads banner