ស៊ុយអែត ថាតួកគីនឹងផ្តល់សច្ចាប័នលើសមាជិកភាពរបស់ខ្លួននៅអង្គការណាតូឆាប់ៗនេះ
អង់ការ៉ា៖ប្រទេសតួកគីបានជូនដំណឹងដល់ប្រទេសស៊ុយអែតថា ខ្លួននឹងផ្ដល់ការអនុម័តយល់ព្រមឱ្យស៊ុយអែតចូលជាសមាជិកសម្ព័ន្ធភាពអង្គការណាតូនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ។នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួររំឭកថា កាលពីឆ្នាំមុន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ បានខិតខំស្វះស្វែងរកការចូលជាសមាជិករបស់អង្គការណាតូភ្លាមៗ ប៉ុន្តែបានជោគជ័យតែប្រទេសហ្វាំងឡង់ប៉ុណ្ណោះ ដោយបានចូលជាសមាជិកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
ដំបូងឡើយ ប្រទេសតួកគីដែលជាសមាជិកអង្គការណាតូ និងដែលមានលោក តាយីប អ៊ែដូហ្កាន (Tayyip Erdogan) ជាប្រធានាធិបតី បានជំទាស់នឹងសមាជិកភាពរបស់ប្រទេសទាំងពីរ ដោយសារតែការព្រួយបារម្ភថាប្រទេសស៊ុយអែត និងហ្វាំងឡង់ កំពុងគាំទ្រក្រុមមនុស្សដែលត្រូវបានតួកគីចាត់ទុកថាជាក្រុមភេរវករ។ យ៉ាងណាក៏ដោយ តួកគីបានអនុម័តយល់ព្រមឱ្យហ្វាំងឡង់ចូលជាសមាជិកនៅដើមខែមេសា ហើយពន្យាពេលសម្រេចចិត្តលើសមាជិកភាពរបស់ប្រទេសស៊ុយអែត។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូប៊ា បៀលស្ត្រម (Tobias Billstrom) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី ក្រោយមកលោកបានលើកឡើងថា «រដ្ឋមន្ត្រីតួកគីបាននិយាយប្រាប់ខ្ញុំថា តួកគីនឹងធ្វើការអនុម័តយល់ព្រមចំពោះសមាជិកភាពស៊ុយអែតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
យ៉ាងណាមិញ ភាគីខាងតួកគីនៅមិនទាន់បានបញ្ជាក់ ឬធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ ប៉ុន្តែតួកគីបានជំរុញប្រទេសស៊ុយអែតឱ្យចាត់វិធានការប្រឆាំងបន្ថែមទៀត ទៅនឹងសមាជិកក្នុងស្រុកនៃគណបក្សពលករឃឺដ (PKK) ដែលត្រូវបានសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកចាត់ទុកថាជាអង្គការភេរវកម្មផងដែរ។
ជាការឆ្លើយតប ស៊ុយអែតបានដាក់ចេញនូវច្បាប់ប្រឆាំងភេរវកម្ម និងបានយល់ព្រមកាត់បន្ថយការរឹតបន្តឹងការនាំចេញអាវុធទៅកាន់ប្រទេសតួកគី ដែលជាការបំពេញតាមការសន្យារបស់ខ្លួនដើម្បីអាចចូលជាសមាជិកអង្គការណាតូបាន។ សមាជិកណាតូខ្លះបានសង្ឃឹមថា សមាជិកភាពរបស់ប្រទេសស៊ុយអែតនឹងទទួលបានជោគជ័យនាពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក៏ដោយ លោក បៀលស្ត្រម បាននិយាយថា រដ្ឋមន្ត្រីការបរទេសតួកគីមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។
កាលពីខែកក្កដា លោក អ៊ែដូហ្កាន ធ្លាប់បានភ្ជាប់សមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត ទៅនឹងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគី ដែលបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរ៉េល (Josep Borrell) បានលើកឡើងកាលពីថ្ងៃពុធថា «វានៅមានបញ្ហាមិនទាន់ដោះស្រាយជាច្រើន មុនពេលដែលតួកគីអាចចូលជាសមាជិកសហភាពអឺរ៉ុបបាន»។
សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនអាចនឹងចាប់ផ្តើមការពិភាក្សាឡើងវិញជាមួយប្រទេសតួកគី ដើម្បីធ្វើបច្ចុប្បន្នភាពសហជីពគយឱ្យបានយ៉ាងឆាប់រហ័ស និងស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យកម្មវិធីទិដ្ឋាការកាន់តែងាយស្រួល។ ដោយឡែក សមាជិកភាពអង្គការណាតូរបស់ស៊ុយអែតក៏ត្រូវរង់ចាំផ្ដល់សច្ចាប័នពីប្រទេសសមាជិកណាតូមួយទៀត គឺប្រទេសហុងគ្រី។
ប៉ុន្តែ លោក បៀលស្ត្រម បាននិយាយថា នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកកូ អូបាន (Viktor Orban) ធ្លាប់បានបញ្ជាក់ថា ប្រទេសហុងគ្រីនឹងមិនមែនជាប្រទេសចុងក្រោយក្នុងការអនុម័តយល់ព្រមលើសមាជិកភាពរបស់ប្រទេសស៊ុយអែតនោះទេ ដូច្នេះមានន័យថា ហុងគ្រីនឹងផ្ដល់សច្ចាប័ននៅពេលដែលតួកគីអនុម័តយល់ព្រម៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Türkiye expects to ratify Sweden’s NATO accession ‘within weeks’: Swedish minister