គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា អញ្ជើញវិលត្រឡប់មក ពី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី
(ភ្នំពេញ)៖ នៅអាកាសយាន្តដា្ឋនអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវិលត្រឡប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី ។
អញ្ជើញទទួលដំណេីរនិវត្តន៍របស់គណៈប្រតិភូនាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា ទីប្រឹក្សា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ (APA)។
កិច្ចប្រជុំក៏បានអនុម័តលើរបៀបវារៈផ្សេងៗមួយចំនួនទៀតរួមមាន ៖ ការគាំទ្រសភា នៃសាធារណរដ្ឋ អាស៊ែរ បៃ ហ្សង់ ធ្វើជាប្រធាន APA សម្រាប់ឆ្នាំ២០២៤ ការបង្កើតក្រុមការងារពិភាក្សាលើបញ្ហាប៉ាឡេស្ទីន និង ការបង្កើតគណៈកម្មការកិច្ចការស្រ្តីAPA។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានដឹកនាំជំនួបទ្វេភាគីដោយឡែកៗពីគ្នា ជាមួយ ឯកឧត្តម Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគី និងឯកឧត្តមបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការ APA។ ជំនួបខាងលើនេះ បាននាំមកនូវវឌ្ឍនភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគីបានសំណូមពរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀតរវាងសភាទាំងពីរកម្ពុជា-ទួកគី។

រីឯជំនួបដោយឡែក ឯកឧត្តមអគ្គលេខាធិការ APA បានកោតសរសើរពីអន្តរសកម្មភាពដ៏សកម្មរបស់សភាកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាមួយ APA និងសំណូមពរឱ្យសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គមនិងវប្បធម៌នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ចំពោះសំណើនេះឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានឯកភាពទទួលយកដើម្បីដាក់ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ ៕


ដោយ ហេង សម្បត្តិ