ប្រជាជនកម្ពុជានៅតែចងចាំស្មារតី២ធ្នូក្នុងបេះដូង

អត្ថបទដោយ៖
ឈឹម សុផល

ផ្លែផ្កានៃសុខសន្តិភាពដែលយើងកំពុងទទួលបាន បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូប។ រាជរដ្ឋាភិបាលអាណ្ណតិថ្មីនេះ បានប្តេជ្ញាចិត្តធានាការពារបាននូវសុខសន្តិភាព ដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដ៏លំបាកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយយុទ្ធមិត្តនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (បច្ចុប្បន្ន រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា)។ ប្រជាជនកម្ពុជា នៅតែបានចាត់ទុកថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ» ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ពលរដ្ឋខ្មែរ។

អតីតកាលរបស់កម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលពុះពារគ្រប់ឧបសគ្គ មិនខ្លាចនឿយហត់ យកអាយុជីវិតធ្វើដើមទុន ដើម្បីសម្រេចបានតាមគោលដៅ និងផែនការរបស់ខ្លួន ក្នុងបុព្វហេតុជាតិ និងប្រជាជន ដូចសព្វថ្ងៃ។

រដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដ នៅថ្ងៃទី ១៧ មេសា ១៩៧៥ ពេលនោះខ្មែររស់ក្នុងគំនរឆ្អឹង ទឹកភ្នែកឈាម រងទុក្ខវេនា គ្មានអ្វីប្រៀបផ្ទឹមបាន។ ចលនាតស៊ូខ្មែរ៥ភាគី បានបង្កើតជារណសិរ្ស២ធ្នូ នៅថ្ងៃទី២ ខែធ្នូ នៅភូមិ ជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ដោយមានការគាំទ្រ ពីប្រជាជននៅទូទាំងប្រទេស និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងមានការគាំទ្រពីកម្លាំងស្នេហា សន្តិភាព និងយុត្តិធម៌នៅលើពិភពលោក រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រជាជនកម្ពុជាចេញពីជ្រោះមរណៈ ទទួលបានមហាជ័យជម្នះទាំងស្រុង នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។

ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្អៃ បានខិតខំកសាងប្រទេសពីបាតដៃទទេ ការពារការវិត្រឡប់ជាថ្មីនៃរបបប្រល័យពូជសាសន៍ ខិតខំស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ជាបន្តបន្ទាប់ រហូតដល់ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ សន្តិភាពបានកើតឡើងយ៉ាងពិតប្រាកដ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះ ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្តជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។ ប្រជាជនកម្ពុជាប្តេជ្ញារួមសាមគ្គីគ្នាឲ្យបានរឹងមាំ ជុំវិញរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆ្បោះទៅទស្សនវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner