អ៊ីស្រាអែល-ហាម៉ាស់កំពុងចរចាលើកិច្ចព្រមព្រៀងថ្មីដើម្បីបន្តបទឈប់បាញ់

ហ៊្សេរ៉ុយសាឡិម៖បទឈប់បាញ់ ដែលបានពន្យារពេលពីរថ្ងៃបន្ថែមទៀតកាលពីថ្ងៃ២៧វិច្ឆិកាកន្លងទៅ ក៏បានឈានមក ដល់ពេលត្រូវបញ្ចប់នាថ្ងៃទី២៩។ ប៉ុន្តែយ៉ាងណាភាគីអ៊ីស្រាអែលនិងហាម៉ាស ក៏កំពុងតែចរចាគ្នា ដើម្បីពន្យារបទឈប់បាញ់នេះបន្តទៀត។

គិតមកដល់ពេលនេះ នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលកិច្ចព្រមព្រៀងនឹងត្រូវផុត​កំណត់ ហើយប្រសិនបើមិនមានការសម្រេចក្នុងការបន្តបទឈប់បាញ់នោះទេ ភ្លើងសង្គ្រាមនឹងត្រូវ ឆាប់ឆេះជាថ្មី បន្ទាប់ពីផ្អាកអស់រយៈពេលប្រាំមួយថ្ងៃ។

នាថ្ងៃទី២៩ ខែវិច្ឆិកាផងដែរ គ្រួសារនៃចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ត្រូវបានគេជូនដំណឹងអំពី​បញ្ជីឈ្មោះ អ្នកដែលនឹងត្រូវដោះលែងបន្ទាប់ទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមចំណាប់ខ្មាំងចុង​ក្រោយនេះ​នឹងមិនទាន់អាចមានសេរីភាពនោះទេ ប្រសិនបើមិនមានការបន្តបទឈប់បាញ់។ នេះបើតាមការ​ចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីស្រាអែល។

ប៉ុន្តែយ៉ាងណា បន្ទាប់ពីការដោះលែងជាបន្តបន្ទាប់កន្លងទៅ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល​ដែលនៅមិន​​ទាន់មានសេរីភាព គឺនៅសល់ស្ត្រី និងកុមារក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលនេះ​ក៏បានសេចក្ដីថា ប្រសិនបើបទឈប់បាញ់នៅបន្តអូសបន្លាយថែមទៀត ចំណាប់ខ្មាំងជា​បុរសអាចនឹងត្រូវបានដោះលែងជាលើកដំបូង។

ដោយឡែក មន្ត្រីប៉ាឡេស្ទីនម្នាក់បាននិយាយថា ទោះបីជាភាគីទាំងពីរមានឆន្ទៈក្នុងការអូស​បន្លាយបទ​ឈប់បាញ់ក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ មន្ត្រី​រូប​នេះ​បាន​និយាយទៀត​ថា ការ​ពិភាក្សា​នៅ​តែ​កំពុង​ដំណើរការ​ជាមួយ​អ្នក​សម្រុះសម្រួលគឺ ​អេហ្ស៊ីប និង​កាតា។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឯណោះវិញ ក៏បានបដិសេធ​មិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៃកិច្ចពិភាក្សាណាមួយឡើយ ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ចំណាប់ខ្មាំងដែលជាស្ត្រីជនជាតិប៉ាឡេស្ទីនចំនួន ៥០ នាក់ទៀត ត្រូវបានអ៊ីស្រាអែលកត់ចូលក្នុង បញ្ជីរួចរាល់ត្រៀមសម្រាប់ដោះលែង ប្រសិនបើមានការព្រមព្រៀងថ្មីមួយទៀត។​

រហូតមកដល់ពេលនេះ ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់កាហ្សា បានដោះលែងស្ត្រី និងកុមារជនជាតិអ៊ីស្រាអែលចំនួន ៦០ នាក់ ក្នុងចំណោមចំណាប់ខ្មាំង ២៤០ នាក់ ដែលពួកគេបានចាប់ខ្លួននៅក្នុងការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា។

ជាមួយគ្នានោះ ជនបរទេសចំនួន ២១ នាក់ ដែលភាគច្រើនជាកសិករថៃ ក៏ត្រូវបានដោះលែង​ក្រោមកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលស្រដៀងគ្នានឹងកិច្ចព្រមព្រៀងបទឈប់បាញ់ដែរ។ ជាថ្នូរនឹងការដោះលែងនេះ អ៊ីស្រាអែលក៏បានដោះលែងប្រជាជនប៉ាឡេស្ទីនចំនួន ១៨០ នាក់ ចេញពីកន្លែងឃុំឃាំង ដែលពួកគេភាគច្រើនជាស្ត្រី និងក្មេងជំទង់។

គួរបញ្ជាក់ថា បទឈប់បាញ់ត្រូវបានព្រមព្រៀងឡើងដំបូងដោយកំណត់ត្រឹមរយៈពេល ៤ ថ្ងៃ ប៉ុន្តែក៏ថ្ងៃត្រូវបានពន្យារពេល ៤៨ ម៉ោងបន្ថែមទៀត រហូតមកដល់ថ្ងៃទី ២៩វិច្ឆិកា។​
ដោយឡែក អ៊ីស្រាអែលបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការអូសបន្លាយកិច្ចព្រមព្រៀងបន្ថែមទៀត ដរាបណាក្រុមហាម៉ាសព្រមដោះលែងចំណាប់ខ្មាំង ១០ នាក់ក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ការដោះលែងចុងក្រោយបំផុតកាលពីថ្ងៃទី២៨កន្លងទៅនេះ ត្រូវបានគេចាត់​ទុកថាជាការដោះលែងចំណាប់ខ្មាំងលើកដំបូង ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមសម្ព័ន្ធមិត្តនឹងក្រុមហាម៉ាស៕

ប្រែសម្រួល៖ កែវ បុស្បា

ប្រភព៖ Reuter Israel, Hamas seek new deal to extend Gaza truce on final day

ads banner