ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី៖ អ្នកចិញ្ចឹមសត្វនៅកម្ពុជា តែងតែគិតគូរពីសុវត្ថិភាពចំណីអាហារដល់អ្នកបរិភោគ
ភ្នំពេញ៖ អ្នកចិញ្ចឹមសត្វនៅកម្ពុជា តែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំងតាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ចំណី ចាក់វ៉ាក់សាំង និងអនាម័យជីវសុវត្ថិភាពជាដើម ដើម្បីរក្សាសុវត្ថិភាពសត្វចិញ្ចឹមរបស់ខ្លួនផង ហើយក៏ដើម្បីរក្សាសុវត្ថិភាពចំណីអាហារដល់អ្នកបរិភោគផងដែរ។
ការថ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភាព និងជាសហប្រធានក្រុមការងារ “ក” ផ្នែកកសិកម្ម កសិឧស្សាហកម្ម នាឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី សុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពពលរដ្ឋ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការនាំចូលសាច់បង្កកខុសច្បាប់ មកលើវិស័យចិញ្ចឹមសត្វ និងសុខភាពអ្នកបរិភោគនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បន្តថា នៅក្នុងប្រទេសកម្ពុជា បានអនុវត្តទៅតាមគតិច្បាប់ ពោលគឺកាលណា បើរកឃើញថាមានសត្វឆ្លងរោគ យើងតែងតែកម្ទេចចោលភ្លាម។ ប៉ុន្តែជាអកុសល យើងបែរជានាំគ្នាមកជាប់អន្ទាក់សាច់បង្កកទៅវិញ ពីព្រោះថា មានប្រទេសខ្លះ នៅពេលសត្វរបស់ពួកគេឆ្លងរោគ ពួកគេពុំបានកម្ទេចចោលដូចយើងទេ គេបែរជាពិឃាដសត្វទាំងនោះ ហើយបង្កកនាំមកលក់ឱ្យយើងក្នុងតម្លៃថោកៗ ជាងថ្លៃដើមចិញ្ចឹមយ៉ាងឆ្ងាយ ធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយយើងមិនដឹងថា វាប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងណាឡើយ។
ចំណែកលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានយល់ស្របទាំងស្រុង ចំពោះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ហើយថាសាច់បង្កកដែលបាននិងកំពុងចរាចរណ៍យ៉ាងគគ្រឹកគគ្រេង និងយ៉ាងរាលដាលនៅក្នុងទីផ្សារកម្ពុជានេះ ត្រូវបានជនខិលខូចលួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ ពីស្ថាប័នមានសមត្ថកិច្ច និងថា មួយរយៈចុងក្រោយនេះ ហាក់ដូចជាពុំមានការនាំចូលថ្មីទៀតទេ ប៉ុន្តែនៅសល់ក្នុងឃ្លាំងស្តុកយ៉ាងច្រើនសម្បើម។
គួរបញ្ជាក់ថា សិក្ខាសាលាដែលមានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាគោល នៅថ្ងៃនេះ ពុំមានបំណងចង់រារាំង ឬហាមឃាត់ការនាំសាច់បង្កកចូលពីក្រៅប្រទេសទេ ហើយក៏មិនខ្លាចប្រកួតប្រជែងនឹងសាច់ពីក្រៅប្រទេសដែរ ប៉ុន្តែត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនលើកត្តាចំនួនពីរសំខាន់ៗ ទី១. ត្រូវតែជាសាច់ដែលមានការត្រួតពិនិត្យពីស្ថាប័នមានសមត្ថកិច្ច និងទី២. ត្រូវតែជាសាច់ដែលមានគុណភាព និងដាក់លក់ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស៕
អត្ថបទ៖ ឈឹម ទីណា