គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់
ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។
គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ បានយល់ឃើញថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងឱ្យបានឡើយ។
គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ បានកត់សម្គាល់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះឡើងដោយមានបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ បានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនដូចការចោទប្រកាន់ផ្ទុយពីការពិតរបស់ ទណ្ឌិត សម រង្ស៊ី នោះឡើយ។ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕
ដោយ៖ពលជ័យ