កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានលើកឡើងអំពីសុទិដ្ឋិនិយមខ្ពស់ ចំពោះសក្តានុពលដែលនឹងទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ Cambodia-UAE CEPA ហើយបានកត់សម្គាល់រួមគ្នាអំពី តួនាទីរបស់ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ការប្រកួតប្រជែង ការអភិវឌ្ឍសមត្ថភាពយុវជន និងការសម្របខ្លួនទៅនឹងបដិវដ្តកម្មបច្ចេកវិទ្យាដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងឱកាសដែល លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកា Fortune Global Forum 2023 និងបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ ការធ្វើសកលភាវូបនីកម្ម និងពាណិជ្ជកម្មនាពេលអនាគត “GLOBALIZATION AND THE FUTURE OF TRADE” រួមជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) ដែលជាសហវាគ្មិន ក្នុងវេទិកា ។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋ មន្ត្រីបានលើកឡើងអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងអំពីសារៈសំខាន់នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់និងសកល ជាពិសេសភាពចាំបាច់ក្នុងការតភ្ជាប់តំបន់អាស៊ាននិងឈូងសមុទ្រ (Gulf Cooperation Council) ដែលជាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់នវានុវត្តន៍ជាដើម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner