វិវាទដីធ្លី នៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច

(ភ្នំពេញ)៖ ករណីវិវាទដីធ្លីដ៏រាំរៃ១កន្លែង ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មីរបស់ក្រសួងអធិការកិច្ច ក្នុងនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ភាគីទាំងពីរបានឯកភាពគ្នាទួលយកទំហំដី និងប្រវែងក្បាលដី ដូចបានសម្រេចក្នុងកិច្ចប្រជុំសម្រុះសម្រួល បញ្ចប់វិវាទដីធ្លី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងកិច្ចប្រជុំបច្ចេកទេសសម្រុះសម្រួលបញ្ចប់វិវាទដីធ្លីតាមនីតិវិធី សុរិយោដី និងបានបំពេញបែបបទចុះបញ្ជីជូនគូភាគី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ជាក់ស្តែងនាថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ភាគីវិវាទទាំង២ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម ព្រមទាំងមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នាទីស្តីការក្រសួង ។

ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាដូចខាងក្រោម៖
១)-ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទទាំងស្រុងដោយការសះជា ហើយបានធ្វើសម្បទាន ដោយឈរលើយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា ហ៊ុន សែន និងបានទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរៀងៗខ្លួន ដោយសេចក្តីរីរាយបំផុត។
២)- ភាគីទាំងពីរបញ្ឈប់ និងបញ្ចប់នូវគ្រប់រូបភាពទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ភាគីម្ខាងៗ តាមរយៈគ្រប់មធ្យោបាយ ជាអាទិ៍ តាមរយៈសារព័ត៌មាន និងបណ្តាញសង្គមនានា។
៣)-ក្រសួងអធិការកិច្ច បិទបញ្ចប់ការអង្កេតស្រាវជ្រាវករណ៏បណ្ដឹងពាក់ព័ន្ធនឹងវិវាទដីធ្លីរវាងភាគីដើមបណ្ដឹង លោកស្រី ជី ចន្ថា និងលោក ជី សារ៉ាវុធ តំណាងឱ្យលោក ម៉ែន ធឿន និងភាគីចុងបណ្ដឹងឯកឧត្តមបណ្ឌិតម៉ែន ដែន និងលោកជំទាវ ទូច ថាវី ចាប់ពីថ្ងៃនេះតទៅ។

សូមជម្រាបដែរថា នៅអាណត្តិមុនក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដោះស្រាយដោយជោគជ័យលើបណ្ដឹងពាក់ព័ន្ធវិវាទដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនជាវិវាទដីធ្លីរ៉ាំរ៉ៃយូរឆ្នាំ។

សូមបញ្ជាក់ផងដែរថាករណីវិវាទដីធ្លីដ៏រាំរៃ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នេះជាករណីបណ្ដឹងទី១ ដែលត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មី របស់ក្រសួងអធិការកិច្ច នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងជួយ និង ប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner