កសិករកូរ៉េខាងត្បូងតវ៉ាផែនការហាមឃាត់ទទួលទានសាច់ឆ្កែ

សេអ៊ូល៖ គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញនូវពេលវេលាមួយ ដើម្បីហាមឃាត់ការបង្កាត់ពូជ និងការលក់សត្វឆ្កែសម្រាប់បរិភោគក្នុងរយៈពេល ៣ឆ្នាំ។ សំណងហិរញ្ញវត្ថុនឹងផ្តល់ជូនដល់កសិករ ដែលបានចុះបញ្ជីស្របច្បាប់ ក្នុងការបិទអាជីវកម្មលក់សត្វឆ្កែរបស់ពួកគេ។

ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកជំទាវទី ១ គីម ខុនហ៊ី ត្រូវបានគេដឹងថា ជាអ្នកស្រឡាញ់សត្វ និងបានតស៊ូមតិលើការហាមឃាត់ការបរិភោគសាច់ឆ្កែ។ ប៉ុន្តែជាមួយគ្នានេះ កសិករជាច្រើនបានចោទប្រកាន់លោកជំទាវថា បានបញ្ចេញឥទ្ធិពលមិនត្រឹមត្រូវលើគោលនយោបាយជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាក់ស្តែងនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កសិកររាប់សិបនាក់ដែលបង្កាត់ពូជសត្វឆ្កែសម្រាប់ទទួលទានសាច់ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងបំណងតវ៉ានឹងច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែ។

ជាមួយគ្នានេះ ក្រុមកសិករបានរៀបចំផែនការមួយ នោះគឺការដោះលែងសត្វឆ្កែ ដែលពួកគេចិញ្ចឹម នៅមុខអគាររដ្ឋាភិបាល ទើបនាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមកសិករ និងប៉ូលីស ហើយជាលទ្ធផល មានកសិករជាច្រើនត្រូវបានឃាត់ខ្លួន។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ប្រឆាំងនឹងការបរិភោគសាច់ឆ្កែ បានទទួលការបរាជ័យប៉ុន្មានលើកមកហើយ ដោយសារមានការតវ៉ាប្រឆាំងពីសំណាក់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម និងបានសម្ដែងការព្រួយបារម្ភ អំពីជីវភាពរបស់ពួកគេ។

យ៉ាងណាមិញ នៅក្នុងការហាមឃាត់ដែលបានស្នើថ្មីនេះ វានឹងរួមបញ្ចូលរយៈពេលអនុគ្រោះ ៣ឆ្នាំ ហើយក៏មានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មផងដែរ ដើម្បីផ្លាស់ប្តូរចេញពីអាជីវកម្មមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner