ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាមួយគោលដៅយុទ្ធសាស្ត្រចំនួន៥

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគោលដៅយុទ្ធសាស្ត្រចំនួន៥ គឺ៖ ការធានាបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឱ្យបានច្រើន, ការសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ,ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកម្ពស់គុណភាពស្ថាប័ន និងការធានាបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជាមួយនឹងបាវចនាទាំង៥ និងគោលដៅយុទ្ធសាស្ត្រទាំង៥ ដូចបានគូសរំលេចខាងលើ រាជរដ្ឋាភិបាលបានកំណត់នូវអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ឯកឧត្តម ហួត ហាក់ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១០០ថ្ងៃ របស់ក្រសួងអធិការកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងនិវត្តជនក្រសួងអធិការកិច្ចសរុបប្រមាណ ៣១៨នាក់ នៅទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់ថា តាមរយៈការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ និងមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិក្នុងការផ្តល់ឱកាសបន្តវេនដល់យុវជនជំនាន់ក្រោយរួចមក។ រាជរដ្ឋាភិបាលថ្មីដែលប្រសូតឡើងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការតាំងចិត្តដ៏ម៉ឺងម៉ាត់ក្នុងការថែរក្សាឱ្យបាននូវសមិទ្ធផលនានា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតសមិទ្ធផលថ្មីសម្រាប់ជាតិ មាតុភូមិ និងប្រជាជន តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តកោណ-ដំណាក់កាលទី១ គឺ៖ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា និងគាំទ្រគ្នាលើការដ្ឋាន កំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ចនានាប្រកបដោយផ្លែផ្កា ដែលបានធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ថ្នាក់, ការពង្រឹងយុត្តិធម៌ និងសមធម៌សង្គម, ការកសាងមូលធនមនុស្សប្រកបដោយគុណភាព, ការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងការកែលម្អឥតឈប់ឈរនូវជីវភាពរបស់ប្រជាជន ជាពិសេស គឺការសម្រួចភារកិច្ច និងបេសកកម្មចម្បងលើវិស័យអធិការកិច្ច សំដៅដល់អធិការកិច្ចក្នុងបរិបទថ្មី គឺអធិការកិច្ចបែបឌីជីថល ដោយបន្តអនុវត្តអភិក្រមចំនួន៥ចំណុច “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល ១០០ថ្ងៃកន្លងមកនេះ ក្រសួងអធិការកិច្ចបានអនុវត្តតាមផែនការសកម្មភាពការងារដែលក្រសួងបានដាក់ចេញ និងទទួលបានជោគជ័យលើភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងលើការងារមួយចំនួនមានជាអាទិ៍ ក្នុងនោះបានអញ្ជើញចូលរួមកម្មវិធីអមដំណើរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការងារពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការកសាងនិងពង្រឹងមូលធនមនុស្ស,ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងការចូលរួមកម្មវិធីបុណ្យជាតិ កម្មវិធីអន្តរជាតិ ការងារសង្គម ព្រមទាំងកម្មវិធីសំខាន់ៗជាមួយរាជរដ្ឋាភិបាលកម្ពុជាសរុបទាំងអស់មានចំនួន ៨៧កម្មវិធី ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner