ដំណាំស្វាយចន្ទីបើមានការថែទាំត្រឹមត្រូវហុចទិន្នផលជាង ២តោនក្នុង ១ហិកតានិង ផ្តល់ប្រាក់កម្រៃខ្ពស់
ខេត្តកំពង់ធំ៖ ស្វាយចន្ទី ជាដំណាំកសិកម្មដែលស្ថិតនៅក្នុងចំណោមដំណាំ ដ៏មានសក្តានុពលរបស់កម្ពុជាក្នុងនេះមានដូចជាស្រូវ និងស្វាយចន្ទី ។ ទោះបីយ៉ាងណា ដំណាំមួយប្រភេទនេះក៏ទាមទារឱ្យមានការថែទាំ និងបច្ចេកទេសក្នុងការដាំទើបទទួលបានទិន្នផលខ្ពស់ ហើយប្រាក់កម្រៃក៏ទទួលបានច្រើនទៅតាមនោះដែរ ។
អ្នកជំនាញបានក្រើន រំលឹកថា៖ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការខាតបង់លើដំណាំស្វាយចន្ទី កសិករត្រូវអនុវត្តនូវចំណុចសំខាន់ៗមួយចំនួនរាប់ចាប់ពីការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការថែទាំ ក៏ដូចជាការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺ ។
លោក សូ សៅឌី ទីប្រឹក្សាបច្ចេកទេសកសិកម្ម នៃគម្រោង GIZ CRAS ដែលជាអ្នកបច្ចេកទេសដល់ប្រជាកសិករដាំដំណាំស្វាយចន្ទីបានឱ្យដឹងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ ថា ៖ ជាទូទៅបញ្ហាដែលប្រឈមដល់កសិករនោះគឺសត្វល្អិត និងរោគជំងឺ ។ សម្រាប់សត្វល្អិតដែលផ្ទុះខ្លាំង ចាំបាច់ត្រូវមានការគ្រប់គ្រង ហើយទាំងអស់នេះ សុទ្ធសឹងជាបញ្ហាប្រឈមដែលធ្វើឱ្យទិន្នផលថយចុះ ។ ចំពោះសត្វដែលបង្កគ្រោះថ្នាក់ខ្លាំងគឺ មូសតែ និងក្រៅពីនេះក៏មានចៃម្សៅ(ចៃស)ឬពពួកស្រមើល ដង្កូវឌួង ដង្កូវស៊ីត្រួយ ដង្កូវមូរស្លឹកផ្សេងៗទៀត។ក្រៅពីនេះក៏អាចបង្កមកពីជំងឺផ្សិតដែលបណ្តាលមកពីសន្សើមប្រៃ ជំងឺផ្សិតនៅទងផ្កាជាដើម ។
លោកបានបញ្ជាក់ថា ៖ ”ដើម្បីចៀសវាងការដាំដំណាំស្វាយចន្ទី ហើយទទួលរងផលលំបាកកសិករចាំបាច់ត្រូវចេះមានប្រក្រតិទិនសម្រាប់ការថែទាំស្វាយចន្ទីក្នុងនេះកសិករត្រូវដឹងថាខែណាមានបញ្ហាអ្វី មានសត្វល្អិតប្រភេទណាខ្លះចូលមកបំផ្លាញ នៅពេលគាត់ដឹងច្បាស់លាស់គឺគាត់មានភាពងាយស្រួលក្នុងការគ្រប់គ្រងហើយ” ។
លោកបានបញ្ជាក់ប្រាប់ផងថា”សម្រាប់កសិករដែលចេះថែទាំត្រឹមត្រូវស្វាយចន្ទីនឹងហុចផលក្នុងមួយហិកតាចាប់ពី២តោនឡើងទៅ។ដោយឡែកកសិករដែលធ្វើតាមទន្លាប់ អាចទទួលបានផលចាប់ពី១តោនកន្លះចុះមកក្រោមក្នុងមួយហិកតា ។
ដោយឡែក លោក លី គីមស៊ុយ ជាគ្រូបង្គោលដំណាំស្វាយចន្ទី នៅខេត្តកំពង់ធំបានឱ្យដឹងថា ការដាំស្វាយចន្ទីរបស់លោកក្នុងមួយហិកតាដែលហុចផល៣ដងក្នុងមួយឆ្នាំនោះទទួលបានផលចំណេញជាមធ្យម ៦លានរៀល ។
គ្រូបង្គោល និងជាម្ចាស់ចំការដែលមានផ្ទៃដី១៩ហិកតា និងបានចាប់ផ្តើមដាំស្វាយចន្ទីឆ្នាំ២០០៦រូបនេះបានឱ្យដឹងបន្ថែថា”បើធ្វើការប្រៀបធៀបដំណាំផ្សេងៗទៀតខ្ញុំឃើញថាដំណាំស្វាយចន្ទីទទួលបានផលកម្រៃខ្ពស់ជាង ហើយការថែទាំងងាយស្រួលផង បើយើងដឹងពីវិធីថែទាំរបស់វា” ។
បើតាម លោក លី គីមស៊ុយ បានឱ្យដឹងផងថាចំពោះការអនុវត្តន៍ត្រឹមត្រូវក្នុងការដាំដំណាំស្វាយចន្ទីគឺគេនឹងទទួលបានទិន្នផល ចន្លោះទៅ ២,ា៥ ក្នុងមួយហិចតា សម្រាប់គ្រាប់ស្វាយចន្ទីស្រស់។ ជាមួយគ្នានេះ កាលពីឆ្នាំ ២០២២-២០២៣ លោកបានបង្កើតចម្ការបង្ហាញចំនួន៥ និងបណ្តុះបណ្តាលកសិកបាន ២៥០ នាក់ មកពី ៥ភូមិ ឃុំទីពោ ឃុំកកោះ ឃុំក្រយា លើផលិតកម្មស្វាយចន្ទី។
ជាមូយគ្នានេះ លោក លី គីមស៊ុយ បានបញ្ជាក់ប្រាប់ពី បច្ចេកទេសក្នុងការដាំស្វាយចន្ទីដើម្បីទទួលជោគជ័យខ្ពស់នោះគឺ ទី១៖ ការរៀបចំដី និបច្ចេកទេលដាំដុះ ទី២៖ ការជ្រើសរើសពូជ ទី៣៖ ការគ្រប់គ្រងជីវជាតិដី និងការផលិតជីទឹកធម្មជាតិ ទី៤៖ ការតាក់តែងមែក និងធ្វើអនាម័យចម្ការ និងទី៥៖ ការត្រួតពិនិត្យ។
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងដោយបញ្ជាក់ថា៖សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ២,៣៨លានហិកតា។ក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង៣លាន២សែនហិកតា ។ ក្រៅពីនេះដំណាំផ្លែចន្ទីមានជិត ៧០ម៉ឺនហិកតាត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង ៣លាន ២សែនហិកតានេះ ។
គួរបញ្ជាក់ថាសម្រាប់ខេត្តដែលសម្បូរទៅដោយដំណាំស្វាយចន្ទីមានដូចជាខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង ៕
អត្ថបទ៖ លោក ម៉ាដេប៉ូ,រូបភាព៖ លោក រិន រចនា


