រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការចុះអនុស្សារណៈរវាងក្រសួងអិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានបញ្ជាក់ថា ការអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់បម្រើជាក្របខណ្ឌដ៏ទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់គោលការយុត្តិធម៌ និងគណនេយ្យភាពនៅប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងការដោះស្រាយបណ្តឹង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ចជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា គឺជាឱកាសដ៏ថ្លៃថ្លាសម្រាប់បង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងការគាំទ្រគ្នាទៅវិញទៅមក។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ថែមទាំងបានបង្ហាញអំពីក្របខណ្ឌសម្រាប់គំនិតផ្តួចផ្តើមគ្នា និងរួមគ្នាក្នុងគោលបំណងលើកកម្ពស់សុច្ចរិតភាពផ្លូវច្បាប់ជំរុញបរិយាកាសផ្នែកគតិយុត្តិប្រកបដោយតម្លាភាពដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ និងការងារដោះសក្រាយបណ្តឹង។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងការដោះស្រាយបណ្តឹង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចក៏បានថ្លែងអំណរគុណដល់ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលសហការបង្កលក្ខណៈងាយស្រួលតាមគ្រប់មធ្យបាយជាមួយក្រសួងអធិការកិច្ចក្នុងការសម្រេចឱ្យបាននៅអនុស្សារណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់បម្រើជាក្របខណ្ឌដ៏ទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់គោលការយុត្តិធម៌ និងគណនេយ្យភាពនៅប្រទេសកម្ពុជា។

ចំណែកឯកឧត្តម លី ច័ន្ទសីហា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលបានផ្តល់សេចក្តីទុកចិត្ត ផ្តល់តម្លៃ និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមេធាវីទាំងអស់រហូតដល់អនុស្សារណៈប្រសូតឡើងជាផ្លូវការនាពេលនេះ។ ឯកឧត្តម លី ច័ន្ទសីហា បានបន្តថា តាមរយៈសម្រង់ពាក្យសំដីរបស់ឯកឧត្តម ហួត ហាក់ ដែលសុំលើកឡើងចំនួនពីរ គឺគ្មានការជឿទុកចិត្តណាមួយអាចរំលួសឱ្យការត្រួតពិនិត្យបានឡើយ និងអធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម និងតាមរយៈការរៀបចំការបង្ហាញកំណែទម្រង់ស៊ីជម្រៅដើម្បីធានាបាននៅវប្បធម៌សុច្ចរិតភាព តម្លាភាព គណនេយ្យភាព មនសិការវិជ្ជា និងការពង្រឹងវិន័យការងារ ក៏ដូចជាការតាំងចិត្តយ៉ាងមុតមាំរបស់ឯកឧត្តម ហួត ហាក់ ក្នុងការអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របច្ចកោណដំណាក់ទី១ នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទាំងអស់នេះបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ និងភាពមោះមុតច្បាស់លាស់ក្នុងការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ ដែលគួរឱ្យគោរព និងជាគំរូដឹកនាំដ៏ល្អ។

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វិស័យអធិការកិច្ច គឺជាវិស័យមួយដ៏សំខាន់ដើម្បីធានានៅអភិបាលកិច្ចល្អ និងបង្កើនជំនឿទុកចិត្តលើស្ថាប័ន។ គណៈមេធាវីមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលមានឱកាសក្នុងការចូលរួមជាមួយក្រសួងអធិការកិច្ច និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរួមចំណែក្នុងការបង្កើតឲ្យបាននៃបុព្វហេតុដ៏ឧត្តុង្គឧត្តម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សមាជិកគណៈមេធាវីនឹងមានឱកាសចូលរួមចំណែកដោយផ្ទាល់ជាមួយក្រសួងអធិការកិច្ចក្នុងនាមជាទីប្រឹក្សា និងតាមរយៈសកម្មភាពានានាដូចជា ការប្រឹក្សាយោបល់ផ្លូវច្បាប់ ការការពារក្តី ការងារបណ្តុះបណ្តាល និងកិច្ចការសាធារណៈជាដើម៕
ដោយ៖ពលជ័យ/រូបភាព៖ក្រសួងអធិការកិច្ច

ads banner