គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ នៅក្នុងញ្ញត្តិថ្កោលទោសរបស់គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៊ី បានបង្ហោះសំណេរភ្ជាប់ទៅនឹងរូបភាពនៃការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដោយបំភ្លៃ ញុះញង់ ប្រាសចាកពីការពិតទាំងស្រុង ព្រោះចេតនាបង្កឱ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងកេរ្តិ៍ឈ្មោះប្រជាជាតិខ្មែរទាំងមូល។

គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ យល់ថា ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាអំពើល្មើសច្បាប់មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងបានឡើយ។

គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ បានកត់សម្គាល់ឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ យ៉ាងល្អ និងមានបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិជាច្រើនកុះករ បានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ មិនដូចការចោទប្រកាន់ផ្ទុយពីការពិតរបស់ ទណ្ឌិត សម រង្ស៊ី នោះឡើយ។

គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ ក៏សូមប្រកាសឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលក្រុមនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សានូវនិរន្តរភាព សុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕
ដោយ៖ពលជ័យ

ads banner