សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ៤ចំណុច
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៣ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាសដាក់ចេញនូវវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ៤ចំណុច ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិក្សានុសិស្ស ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេស កុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ នៅតាមសាលាបឋមសិក្សាព្រមទាំងជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី សិក្សានុសិស្សដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក ។
សម្ដេច ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។
សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវវិធានការគន្លឹះ ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំនោះ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗដូចជា៖ ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន។ ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា និងទី៤-ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ ។
ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវយុទ្ធនាការសាលារៀនស្អាត គ្មានសំរាម នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសន សន្និបាតអប់រំប្រចាំឆ្នាំផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះ ទាំង៤ ខាងលើ ទៅក្នុង ស្តង់ដាសាលារៀនគំរូ ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ ភាគរយលើសីលធម៌ និងចរិយាធម៌។
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើន គួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ។
សម្ដេច ក៏បានអំពាវនាវឱ្យបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀតដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប ៕




ដោយ ៖ វណ្ណលុក