សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ កំណត់សកម្មភាពជាក់ស្ដែងឱ្យច្បាស់លាស់ ផ្ដោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ កំណត់សកម្មភាពជាក់ស្ដែងឱ្យច្បាស់លាស់ ផ្ដោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។

សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ដ្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។

វិធានការគន្លឹះនោះរួមមាន ទី១-ការពង្រឹងអភិបាល កិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង ទី៤-ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើ ស្តង់ដាសាលារៀនដែលដាក់ចេញកន្លងមក ដោយបានបញ្ជ្រាបវិធានការគន្លឹះទាំង ៤ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ការបង្រៀននិងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាននាយករដ្ឋមន្ត្រី ជាប្រធាន អមដោយសមាភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីចំនួន ១៦រូប និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត “ស្តង់ដាសាលារៀនគំរូ» និង «ពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» ព្រមទាំង «យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ផ្តើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះ តទៅ។ អ្វីទៅជា សាលារៀនគំរូ។ សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញ រួមមាន៖

ទី១-សាលារៀន មានគណនេយ្យភាពជាមួយសហគមន៍ និងធ្វើការកែលម្អសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ ដោយមានការចូល រួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាល តាមរយៈការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រង សាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។

ទី២-សាលារៀនមានស្វ័យភាពក្នុងការងារផែនការកលម្អសាលារៀន និងថ្នាក់រៀន ព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន។

ទី៣-សាលា រៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អការបង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្ដល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម។

ទី៤-សាលារៀនមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយផ្តោតលើកម្មវិធី អភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់រំសីលធម៌។

ទី៥-សាលារៀនយកចិត្តទុកដាក់លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និងគិតគូរដល់អាហារូបត្ថម្ភ ដល់សិស្សានុសិស្ស ។

ទី៦-ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងការ អភិវឌ្ឍសាលារៀន។ នៅក្នុងអំឡុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែល មានសក្តានុពលចំនួន ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាម ស្តង់ដា សាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តអនុវត្តគំនិតផ្ដួចផ្តើមរបស់ សម្ដេចធិបតី ឱ្យបានជោគជ័យ ប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១០០០ កា្លយទៅជា សាលារៀនគំរូ ដោយចាប់ផ្តើមរៀបចំ សាលារៀនគំរូ សម្រាប់ប្រកាសក្នុងសន្និបាតអប់រំដល គ្រោងប្រារព្ធឡើង នាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា ។

ក្នុងដំណើរការពិភាក្សា និងឆ្លងលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ ក្រសួងអប់រំ យុវជន និងកីឡា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិ ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្ដុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាពឱ្យចំគោលដៅ។

សម្ដេចធិបតី ក៏បានណែនាំក្រសួង អប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្ដែងឱ្យបានច្បាស់លាស់ ដោយផ្ដោតសំខាន់លើធនធាន មនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner