ចប់ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ជិត ៩០ភាគរយនៃចំនួនភ្ញៀវទេសចរមុនកូវីដ១៩
អន្តរជាតិ៖ទេសចរណ៍អន្តរជាតិត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ៩០ភាគរយ នៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩ នៅត្រឹមចុងឆ្នាំនេះ។ អង្គការទេសចរណ៍ពិភពលោក ឬហៅកាត់ថា UNWTO រាយការណ៍ថា ភ្ញៀវទេសចរប្រមាណ ៩៧៥ លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កើនឡើង ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរសកលបានកើនឡើង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះគឺបណ្ដាលមកពីកត្តាជំរុញមួយចំនួន ដូចជារដូវក្តៅនៅអឌ្ឍគោលខាងជើងជាដើម។ ជាក់ស្ដែង ចំនួនអ្នកទេសចរអន្តរជាតិបានកើនដល់ ៩១ភាគរយ នៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩ ហើយឈានដល់ ៩២ភាគរយ នៅក្នុងខែកក្កដា ដែលជាចំនួនខ្ពស់បំផុតបើគិតចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើម។
ជារួម វិស័យទេសចរណ៍បានបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង ពោលគឺ ៨៧ភាគរយ បើធៀបនឹងស្ថានភាពមុនវិបត្តិកូវីដ១៩ រាប់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងស្ទុះងើបឡើងរហូតដល់ទៅ ៩០ភាគរយនៅចុងឆ្នាំនេះ។ រីឯប្រាក់ចំណូលទេសចរណ៍អន្តរជាតិវិញ អាចឈានដល់ប្រមាណ ១,៤ ទ្រីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ដែលស្មើនឹងជិត ៩៣% នៃចំណូលកាលពីឆ្នាំ២០១៩ ដែលកាលនោះមានចំនួន ១,៥ ទ្រីលានដុល្លារអាមេរិក។
អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក ជូរ៉ាប ប៉ូឡូលីកាសវីលី (Zurab Pololikashvili) បានមានប្រសាសន៍ថា «ទេសចរណ៍អន្តរជាតិបានស្ទុះងើបឡើងវិញស្ទើរតែទាំងស្រុងពីវិបត្តិកូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងជាច្រើនបានមានចំនួនអ្នកទេសចរលើសពីកម្រិតស្ថានភាពមុនវិបត្តិកូវីដ១៩ ទាំងចំនួនមនុស្ស និងប្រាក់ចំណូល។ នេះគឺជាកត្តាសំខាន់ចំពោះតំបន់ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍សម្រាប់កំណើនសេដ្ឋកិច្ច និងសហគមន៍របស់ពួកគេ»។
នៅតំបន់មជ្ឈិមបូព៌ា គឺឈានមុខគេតែម្ដងក្នុងការងើបឡើងវិញពីវិបត្តិកូវីដ១៩ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗទៀត ដោយគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ចំនួនអ្នកទេសចរគឺខ្ពស់ជាង ២០ភាគរយ នៃចំនួនអ្នកទេសចរមុន វិបត្តិកូវីដ១៩។
តួលេខនេះ បានធ្វើឱ្យតំបន់នេះក្លាយជាតំបន់តែមួយគត់ដែលមានចំនួនអ្នកទេសចរលើសពីកម្រិតឆ្នាំ២០១៩ ហើយការកើនឡើងនេះ គឺបណ្ដាលមកពីកត្តាជាច្រើនដូចជា ការធ្វើសាមញ្ញកម្មទៅលើទិដ្ឋាការ ការបង្កើតកន្លែងទេសចរណ៍ថ្មី ការវិនិយោគលើគម្រោងទេសចរណ៍ថ្មី និងការរៀបចំព្រឹត្តិការណ៍ធំៗជាដើម។
នៅទ្វីបអឺរ៉ុប ដែលជាគោលដៅទេសចរណ៍ធំជាងគេនៅទូទាំងពិភពលោក បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥៥០ លាននាក់ ស្មើនឹង ៥៦% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុ បទូទាំងពិភពលោក។ តួលេខនេះបានបង្ហាញពីការងើបឡើងវិញរហូតដល់ ៩៤% នៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩។ ការកើនឡើងនេះគឺដោយសារតែតម្រូវការខ្លាំងនៅក្នុងតំបន់ និងការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក។
ដោយឡែក ក្នុងអំឡុងពេល ៩ ខែមកនេះ ទ្វីបអាហ្រ្វិកទទួលបានភ្ញៀវទេសចរចំនួន ៩២ភាគរយនៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩ ខណៈដែលនៅទ្វីបអាមេរិកមានចំនួន ៨៨ភាគរយ។ ជាការកត់សម្គាល់ ចំនួនភ្ញៀវទេសចរនៅទ្វីបអាមេរិកមានការកើនឡើងនេះ គឺបណ្ដាលមកពីកត្តាតម្រូវការនៅសហរដ្ឋអាមេរិក ជាពិសេសទិសដៅទេសចរណ៍សំខាន់ៗនៅតាមបណ្ដាប្រទេសតំបន់ការ៉ាប៊ីន។
រីឯទ្វីបអាស៊ី និងតំបន់ប៉ាស៊ីហ្វិកវិញ ចំនួនភ្ញៀវទេសចរបានកើនឡើងត្រឹមតែ ៦២ភាគរយនៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩ប៉ុណ្ណោះ ដោយសារតែការបើកឱ្យមានការធ្វើដំណើរអន្តរជាតិឡើងវិញមានភាពយឺតយ៉ាវ។ អត្រានៃការងើបឡើងវិញមានភាពខុសប្លែកគ្នានៅទូទាំងអនុតំបន់។ ជាក់ស្ដែង តំបន់អាស៊ីខាងត្បូងមានចំនួន ៩៥ភាគរយ ប៉ុន្តែតំបន់ភាគឦសាន្តមានត្រឹមតែ ៥០ភាគរយ ប៉ុណ្ណោះ។
គួរដឹងដែរថា ប្រទេសសំខាន់ៗជាច្រើនមានតម្រូវការខ្ពស់ក្នុងការដែលប្រជាជនត្រូវធ្វើដំណើរចេញក្រៅប្រទេសក្នុងរយៈពេលចុងក្រោយនេះ ពោលគឺលើសពីកម្រិតចំនួនអ្នកដំណើរមុនវិបត្តិកូវីដ១៩ទៅទៀត។ ឧទាហរណ៍ អាល្លឺម៉ង់បានបង្កើនការចំណាយលើការធ្វើដំណើរទៅក្រៅប្រទេសចំនួន ១៣ភាគរយ និងសហរដ្ឋអាមេរិក ១១ភាគរយ បើធៀបនឹងរយៈពេល ៩ ខែដូចគ្នាក្នុងឆ្នាំ២០១៩។ រីឯប្រទេសអ៊ីតាលីវិញ បានបង្កើនការចំណាយរហូតដល់ទៅ ១៦ភាគរយ ក្នុងខែសីហា៕
ប្រែសម្រួល៖ ធា សុណា