សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងកម្ពុជា-ថៃ ជាពិសេសនៅតាមបណ្ដោយព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងអាចសម្រួលដល់ការផ្លាស់ប្ដូរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្ដម សុធីន ខ្លាំងសែង រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះជាណាចក្រកម្ពុជា និងបង្ហាញពីការរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់និងការបង្ក្រាបបទល្មើសឆ្លងដែន តាមបណ្ដោយព្រំដែន ក៏ដូចជាកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ-១៩ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងមក។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ នៃប្រទេសទាំងពីរបន្ថែមទៀត។ ឯ កឧត្ដម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយឯកឧត្តមនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ បានយកចិត្តទុកដាក់ខ្ពស់លើការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការជ្រើសរើសព្រះរាជាណាចក្រកម្ពុជាជាប្រទេសទីមួយ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។

ឯកឧត្ដម សុផីន ខ្លាំងសង បានបញ្ជាក់ផងដែរថា ឯកឧត្តមតែងតែផ្ដល់នូវការគោរពនិងកោតសរសើរចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់នាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរបានល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ បានគោរពជម្រាបជូន សម្តេចធិបតី ថា ព្រះរាជាណាចក្រថៃនៅតែបន្តគាំទ្រផ្ដល់អាហារូបករណ៍ដល់សិក្ខាកាមជាយោធិនកម្ពុជា ព្រមទាំងបានលើកឡើងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រថៃ ដែលបានបន្តផ្តល់អាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់សិក្ខាកាមជាយោធិនកម្ពុជា។ ចំពោះបញ្ហាបោសសម្អាតមីន សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមជំនាញបច្ចេកទេស នៃប្រទេសទាំងពីរ បន្តពិភាក្សា និងសហការគ្នាបន្ថែមទៀត តាមយន្តការដែលមានស្រាប់ដើម្បីកំណត់ទីតាំង និងនីតិវិធី ក្នុងការបោសសម្អាតមីនឱ្យបានរលូន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នៅតាមបណ្ដោយព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងអាចសម្រួលដល់ការផ្លាស់ប្ដូរ និងទំនាក់ ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តនូវកិច្ចសហប្រតិបត្តិការលើការធ្វើលំហាត់រួមគ្នារវាង ភូមិភាគ និងភូមិភាគតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ដែលកន្លងមកក៏ធ្លាប់មានការធ្វើលំហាត់រួមគ្នាផងដែរ លើការគ្រប់គ្រង និងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ជើងគោក ជើងទឹក និងជើងអាកាស ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន នានា នៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner