លោក ហេង សំណាង៖ ជនបរទេស អង្គការមួយចំនួន និងក្រុមនិន្នាការប្រឆាំងបានអូសទាញក្រុមយុវជនធ្វើជាឧបករណ៍នយោបាយ និងផ្គាប់ចិត្តម្ចាស់ជំនួយ
ភ្នំពេញ៖ ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល លោក ហេង សំណាង បានបញ្ជាក់ថា មានជនបរទេស និងបណ្តាអង្គការ សមាគមមួយចំនួន រួមទាំងក្រុមនិន្នាការប្រឆាំងបានអូសទាញក្រុមយុវជនធ្វើជាឧបករណ៍នយោបាយ ដើម្បីបម្រើផលប្រយោជន៍លាបសក្ការៈផ្ទាល់ខ្លួន និងផ្គាប់ចិត្តម្ចាស់ជំនួយបរទេសតែប៉ុណ្ណោះ រួចដាក់បន្ទុកទៅរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។
លោក ហេង សំណាង បានបន្តថា រាល់សកម្មភាពរបស់យុវជននិន្នាការប្រឆាំងមួយចំនួន តែងតែធ្វើទង្វើខុសច្បាប់ ជាហេតុនាំឱ្យរងគ្រោះដល់ខ្លួនឯង និងក្រុមគ្រួសារ និងបង្ហាញរូបភាពអាក្រក់ពីរាជរដ្ឋាភិបាលរបស់ខ្លួន ទាំងដែលដឹងថា ប្រទេសកម្ពុជាកំពុងតែនាំគ្នាចូលរួម ស្តារប្រទេស អភិវឌ្ឃន៍ធនធានមនុស្ស និងទប់ស្កាត់វិទ្ធង្សនា គ្រប់សព្វបែបយ៉ាង ធ្វើយ៉ាងណាការពាររក្សាតម្លៃសុខសន្តិភាព និងការអភិវឌ្ឃឱ្យខានតែបាន។
លោកបានលើកឡើងថា កាលកន្លងមកសង្កេតឃើញថា រយៈពេល១ទស្សវត្សមកនេះ មានយុវជនបញ្ញវន្តមួយចំនួនតូចបានចងក្រងគ្នាជាក្រុម ជាបក្ខពួក អង្គការ សមាគមផ្សេងៗ ដើម្បីធ្វើសកម្មភាពចូលរួមក្នុងបុព្វហេតុសង្គមជាតិ ផ្ទុយទៅវិញបន្តិចៗម្តង ក៏មានជនបរទេស បណ្តាលអង្គការ សមាគម ក្រុមនិន្នាការប្រឆាំងបានអូសទាញ និងយករូបភាពពួកគេ ដោយហេតុផលថា ស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន សិទ្ធមនុស្ស តាមការពិត ពួកគេគ្រាន់តែយកយុវជនទាំងនោះធ្វើជាឧបករណ៍នយោបាយ ដើម្បីបម្រើផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន និងផ្គាប់ចិត្តម្ចាស់ជំនួយបរទេសតែប៉ុណ្ណោះ រួចដាក់បន្ទុកទៅរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។

ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវម្តងហើយម្តងទៀត និងប្តេជ្ញាបន្តកៀរគរយុវជននានា ដើម្បីធ្វើកិច្ចការសង្គមដែលខ្លួនស្រឡាញ់ និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាបណ្តុះនូវទស្សៈទានល្អៗ សម្រាប់យុវជនជំនាន់ក្រោយ បានដឹងច្បាស់អំពីកិច្ចការសង្គម និងកុំបណ្តោយខ្លួនឱ្យចូលកល់របស់ក្រុមប្រឆាំង ដែលមានមហ្ចិចតានាំឱ្យប្រទេសខ្លួនអាប់ឱនកិត្តិយស និងធ្លាក់ក្នុងភ្លើងសង្រ្គាមសាជាថ្មី។
សូមជម្រាបថា មួយរយៈពេលកន្លងមកនេះ មុន និងក្រោយការបោះឆ្នោតនៅកម្ពុជា សង្កេតឃើញថា មានបណ្តាយុវជនសង្គមស៊ីវិលជាច្រើនបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ និងបានធ្វើសកម្មភាព ដើម្បីបម្រើសង្គមជាតិពិតប្រាកដ និងស្របតាមគោលនយោបាយរាប់រាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនានា។ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានដឹកនាំយុវជនជាច្រើន រាជធានីខេត្ត នានា ដើម្បីចងក្រងជាក្រុមៗ ក្នុងការចូលរួមធ្វើកិច្ចសង្គម ដែលពាក់ព័ន្ធក្នុងវិស័យសិទ្ធមនុស្ស ការអប់រំ បិរស្ថាន និងមនុស្សធម៌ជាច្រើន ក្នុងនោះដែរមានស្ថាប័នដូចជា បណ្តុំអង្គការសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គភាពសារព័ត៌មាន យុវជនបរិស្ថានមនុស្សធម៌ ជាដើម៕
ដោយ៖ពលជ័យ