កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា លើកដំបូង
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន តាមរយៈគ្រាប់រ៉ុក្កែត SpaceX។ ការបង្ហោះនេះត្រូវបានគេជឿថា បានបង្កើនការប្រកួតប្រជែងផ្នែកអវកាស នៅលើឧបទ្វីបកូរ៉េ ពោលគឺបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធា ជាលើកដំបូង របស់ខ្លួនដែរ កាលពីសប្តាហ៍មុន។
ផ្កាយរណបឈ្លបយកការណ៍របស់ប្រទេសកូរ៉េខាត្បូង ដែលបញ្ជូនដោយគ្រាប់រ៉ុក្កែត SpaceX Falcon 9 របស់មហាសេដ្ឋីពិភពលោក លោក Elon Musk ត្រូវបានបាញ់ចេញពីមូលដ្ឋានយោធាអវកាសរបស់សហរដ្ឋអាមេរិក Vandenberg ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។
ប្រសិនបើផ្កាយរណបចារកម្មយោធា ត្រូវបានដាក់ចូលទៅក្នុងគន្លង ដោយជោគជ័យ កូរ៉េខាងត្បូងនឹងបានទទួលផ្កាយរណបចារកម្មដំបូងគេ ដែលផលិតក្នុងស្រុករបស់ខ្លួន ដើម្បីតាមដានប្រទេសកូរ៉េខាងជើងកាន់តែច្បាស់បន្ថែមទៀត លើកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
គួររម្លឹកដែរថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន កូរ៉េខាងជើងបានទទួលជោគជ័យលើការបាញ់បង្ហោះយាន Malligyong-1 ដែលគេជឿជាក់ថា ជាការនាំយកកែវភ្នែកយោធាមួយ ចូលទៅក្នុងទីអវកាស។ មុនពេលជោគជ័យការបង្ហោះបែបនេះក៏ធ្លាប់ទទួលបរាជ័យ ពីរលើក រួចមកហើយដែរ ពោលគឺនៅខែឧសភា និងខែសីហា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត