ព្រះមហាក្សត្រកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយថាមវន្ត និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយថាមវន្ត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនវិស័យរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈព្រះរាជសារ ព្រះមហាក្សត្រក៏បានចូលរួមអបអរសារទរសមិទ្ធផល២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការអនុវត្តនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យប្រជាជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីតរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង៤ ដំណាក់កាលដោយបានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យានុភាពកម្ពុជាកាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។

នៅក្នុងព្រះរាជសារបានបន្តទៀតថា ព្រះមហាក្សត្រព្រះអង្គពិតជាមានការរំភើប និងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតនិយតករសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម “មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក”។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ព្រះអង្គសូមផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។

ក្នុងន័យនេះ ព្រះមហាក្សត្រសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្ដៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការរើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។ សង្គ្រោះប្រជារាស្ត្រ ជាពិសេសជនមានពិការភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមក។

ជាថ្មីម្តងទៀត ព្រះអង្គសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះសុខុមាលភាពរបស់ជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក៕
ដោយ៖ពលជ័យ

ads banner