លោក Musk បង្ហាញរថយន្ត Cybertruck ថ្មីចុងក្រោយបំផុតរបស់ Tesla
បរទេស៖ ក្រុមហ៊ុន Tesla បានចាប់ផ្តើមការចែកចាយជូនអតិថិជន នូវរថយន្តប្រភេទថ្មី Cybertruck ដោយនាំឱ្យសម្រេចបាននូវគម្រោងជាចំណង់ចំណូលចិត្ត របស់ លោក Elon Musk។ លោកមហាសេដ្ឋីរូបនេះមានមោទនភាពថា វាខ្លាំងជាងគ្រាប់កាំភ្លើង និងលឿនជាងរថយន្ត Porsche ។

លោក Elon Musk បាននិយាយ ទៅកាន់ហ្វូងមនុស្ស នៅឯទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុន Tesla’s Austin ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា «វាជារឿងកម្រណាស់ ដែលផលិតផលនេះ បានលេចចេញជារូបរាងឡើង… ព្រោះអ្នកជំនាញធ្លាប់បាននិយាយថា ផលិតផលបែបនេះនឹងមិនត្រូវបានផលិតចេញពិតប្រាកដឡើយ…ហើយនេះ គឺជាពេលវេលាមួយបង្ហាញឲ្យឃើញ»។

រថយន្តថ្មីនេះបានលេចរូបរាងឡើង ជាផ្លូវការ ក្រោយពេលពីរឆ្នាំ នៃការដាក់លក់រថយន្ត ប្រភេទ Blade Runner និង Mad Max របស់ក្រុមហ៊ុន Tesla ។ ឡានរាងជ្រុង Cybertruck ប្រភេទនេះ មានលក់ ក្នុងតម្លៃថ្លៃលើសពីប្រភេទរថយន្តទាំងពីរខាងលើ ប្រមាណ១ម៉ឺនដុល្លារ ដោយសារតែតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់ ខ្ពស់ជាងមុន។

ក្រុមអ្នកវិភាគបានហៅរថយន្ត Cybertruck ថា ជាគម្រោងដែលមានហានិភ័យខ្ពស់ បើធៀបនឹងរថយន្តផ្សេងទៀតរបស់ក្រុមហ៊ុន Tesla ។ ប៉ុន្តែ លោក Musk បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្នះខ្នែងចំពោះគម្រោងនេះ។ លោកបានអះអាងថា វាប្រហែលជាផលិតផលផលល្អបំផុត របស់ក្រុមហ៊ុន Tesla ហើយវាជារថយន្តអនាគត ដែលគេធ្លាប់ប្រាថ្នាចង់បាន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
